​(កណ្ដាល)៖ លោក ណុប រត្ន័និមល តំណាង​នាយឧត្តមសេនីយ៍ ​ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជា​ប្រធានគណៈអចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង និងក្រុមការងារយុវជន រួមដំណើរដោយ លោក បូរ ណារ៉េត អភិបាលស្រុក និងក្រុមការងារគណៈពង្រឹងស្រុក បានរៀបចំពិធីបើកការប្រកួតកីឡាបាល់ទះ ទូទាំងស្រុកកណ្តាលស្ទឹង ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងដើម្បីអបអរសាទរថ្ងៃរំដោះ០៧ មករា ឆ្នាំ១៩៧៩-​​៧ មករា ២០១៨ ខួបលើកទី៣៩ នាពេលខាងមុខនេះ​។

កីឡាករដែលចូលរួមប្រកួតមានចំនួន២០ក្រុម ក្នុងនោះ​១៨ក្រុម មកពី១៨ឃុំក្នុងស្រុក និង២ក្រុមទៀតមកពីវិទ្យាល័យកំពង់កន្ទួត វិទ្យាល័យព្រែកស្លែង។

លោក ណុប រត្ន័និមល ​ក្នុងនាមនាយឧត្តសេនីយ៍ ហ៊ីង ប៊ុនហៀង ការរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងឲ្យយុវជនរួបរួមគ្នា ចូលរួមលេងកីឡា ដើម្បីសុខភាព និងចៀសឆ្ងាយពីគ្រឿងញៀន ពិសេសចូលរួមអបអរថ្ងៃរំដោះ០៧ មករា ២០១៨ នាពេលខាងមុខនេះ ហើយដោយសារប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបយុវជន​​មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សា លេងកីឡា និងប្រកបរបរទទួលទានបានយ៉ាងសុខសាន្ត​។

តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់ យុវជនទាំងអស់ និងកីឡាករត្រូវចេះស្រលាញ់គ្នា សាមគ្គីគ្នា រក្សាឲ្យបាននៅសុជីវធម៌ ដើម្បីក្លាយជាយុវជនគំរូបម្រើសង្គមជាតិ​។ ចុងបញ្ចប់លោក ក៏បានប្រកាសឲ្យបើកការប្រកួតជាផ្លូវការដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រចាំស្រុកកណ្តាលស្ទឹងផងដែរ៕​