(ស្វាយរៀង)៖ លោក ម៉ឹង សំផន ជាប្រធានក្រុមការងារចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង បានជម្រុញដល់ក្រុមការងារ និងសមាជិកបក្សត្រូវយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ ផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ទាំងសេវាសំណូមពរ និងសេវាតម្រូវការ។

ការថ្លែងបែបនេះ របស់ប្រធានក្រុមការងារ​បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ​គណបក្សស្រុកជួយឃុំ ភូមិ ក្រុមប្រឹក្សាឃុំ និងមេភូមិគ្រប់ភូមិ នៅស្រុកចន្ទ្រា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំគណបក្សស្រុកចន្ទ្រា។

លោក ម៉ឹង សំផន បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខនៅជាមួលពលរដ្ឋ ឬឯបក្សផ្សេងមិនដែលធ្វើអ្វីសោះ បានតែថាមិនឃើញធ្វើអ្វីនោះទេ គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលសង្គមហើយ គណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយដោយសារមេបក្សរូបនេះ រងការចោទប្រកាន់ក្បត់ជាតិផងដែរ។

លោក​បន្តទៀតថា ក្នុងរយៈពេល៣៨ឆ្នាំ​កន្លងមកនេះ ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំនា​វាកម្ពុជា ឲ្យមានការរីកចម្រើនទាំងក្នុងកម្រិតជាតិ និងលើឆាកអន្តរជាតិ ដោយបានផ្តោតសំខាន់ ទៅលើវិស័យ៤ ជាអាទិភាពមាន ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស។

ប្រធានក្រុមការងារ​គណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត ​ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រា ត្រូវបន្តធ្វើអំពើល្អ ជាមួយពលរដ្ឋឲ្យបានកាន់តែបានល្អ​ប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈផ្សេងៗ ឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹងយល់ជ្រួតជ្រាប ចៀសវាងមានការថ្នាំងថ្នាក់ណាមួយ។

បន្ថែមពីនេះ លោក ម៉ឹង សំផន ក៏បានអំពាវនាវដល់អាជ្ញាដែនដី និងកងកម្លាំងប្រដាប់អាវុធ ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំបានប្រែក្លាយប្រទេសតាំងពីបាតទទេរ ឲ្យមានការរីកចម្រើនជាពិសេសនាំមកសុខសន្តិភាពពេញផ្ទៃប្រទេសហើយ ត្រូវការពារសន្តិភាពនេះ ឲ្យស្ថិតស្ថេរយូអង្វែងកុំអ្នកណាមកបំផ្លាញបានឡើយ៕