(ភ្នំពេញ)​៖ ​លោក​ នៅ​ មុនី​ជោត​ អ្នក​នាំពាក្យ​តុលាការ​កំពូល​ ថ្លែង​ប្រាប់​ភ្នាក់ងារ​បណ្តាញ​សារព័ត៌មាន​ Fresh News នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នេះ​ថា​ តុលាការ​កំពូល​បាន​ទទួល​ពាក្យ​បណ្ដឹង​រួចហើយ​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​ របស់​អតីត​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប្តឹង​សុំ​សើរើ​បណ្ដឹង​នេះ​ឡើង​វិញ​លើ​ការ​រំលាយ​គណបក្ស​នេះ​។​ អ្នក​នាំពាក្យ​រូប​នេះ​ បញ្ជាក់​ថា​ រហូត​មក​ទល់​ពេលនេះ​ តុលាការ​កំពូល​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ពោលគឺ​កំពុង​ពិនិត្យ​និង​ចាត់​ការ​តាម​នីតិវិធី​ ។​

ប៉ុន្តែ​យោង​តាម​សាលដីកា​របស់​តុលាការ​កំពូល​ កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្អាក​សកម្មភាព​នយោបាយ​របស់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨រូប​គឺ​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​។

​ក្រសួង​មហាផ្ទៃ​ក៏​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ហើយ​ផ្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​​ រួចរាល់​ហើយ​ដែរ​។

កាលពី​ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ម្សិលមិញ​ លោក​មេធាវី​ ផែង​ ហេង​ អម​ដំណើរ​ដោយ​លោក ​អ៊ូ​ ច័ន្ទ​រ័ត្ន​ និង​ លោក​ កង​ គឹមហាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​ឱ្យ​​តុលាការ​កំពូល​ជំនុំ​ជម្រះ​សា​​ជា​ថ្មី​លើ​សំណុំ​រឿង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ និង​សុំ​រក្សា​ការពារ​សមាជិក​ភាព​អតីត​តំណាង​រាស្ត្រ​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី​របស់​អតីត​បក្ស​នេះ។

លោក​មេធាវី​ ផែង ហេង និយាយ​ថា​ រឿង​ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ គឺ​ជា​នីតិវិធី​ថ្មី​របស់​តុលាការ​កំពូល ហើយ​តុលាការ​នេះ​បាន​ប្រើ​ប្រាស់​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។ ដូច្នេះ​បើ​តាម​លោក​មេធាវី គឺ​លទ្ធភាព​នៃ​ការ​សើ​រើ​សំណុំ​រឿង​នេះ​ឡើង​វិញ​នៅ​តែ​មាន​៕