(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការចុះឆែកឆេរ និងរឹបអូសថ្នាំពេទ្យ និងបរិក្ខាពេទ្យជាច្រើនមុខ ក្នុងឱសថស្ថានចំនួន៣ទីតាំងផ្សេងគ្នា ពាក់ព័ន្ធនឹងបទល្មើសរំលោភកម្មសិទ្ធិបញ្ញា តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន AZISAFE Co.Ltd។

ប្រតិបត្តិការនេះធ្វើឡើងតាមការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងដឹកនាំដោយលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុក និងលោកនាយការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ឱសថស្ថានទាំង៣ទីតាំងនោះ រួមមាន៖ ទី១. ឱសថស្ថានរស្មីសួគ៌ ស្ថិតនៅផ្ទះលេខ៣៥០ E0Z ផ្លូវ១៧៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន សមត្ថកិច្ចបានរកឃើញថ្នាំពាក់ព័ន្ធបណ្តឹងខាងលើចំនួន ៧មុខ។ ទី២. ផ្ទះលេខ១១E0 ផ្លូវ២៨៤ សង្កាត់អូឡាំពិក ខណ្ឌចំការមន សមត្ថកិច្ចពុំបានរកឃើញថ្នាំពាក់ព័ន្ធបណ្តឹងខាងលើឡើយ និងទី៣. ផ្ទះគ្មានលេខ ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន សមត្ថកិច្ចបានរកឃើញថ្នាំជាច្រើនប្រភេទស្តុកទុកក្នុងរថយន្ត តែដោយហួសម៉ោងនីតិវិធី លោក ស្រី ម៉ាកនី ក៏បានសម្រេចប្រមូលថ្នាំទាំងអស់ដែលមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបណ្តឹងខាងលើ ដាក់ចូលក្នុងរថយន្តនាំយកមករក្សាទុក នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រង់ចាំបន្តនីតិវិធី។

លុះព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះបានសម្រេចបើកសៀលធ្វើការពិនិត្យថ្នាំទាំងអស់ក្នុងរថយន្តរកបានឃើញថ្នាំចំនួន១០មុខ ស្មើនឹង ៩,០៦២គ្រាប់ ៥១២ដប និង៣០០កញ្ចប់។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារងសម្រេចឲ្យសមត្ថកិច្ចដកហូត និងរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបានអញ្ចើញម្ចាស់ទីតាំងពាក់ព័ន្ធមកបំភ្លឺដើម្បីបន្តនីតិវិធី៕