(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៅសហរដ្ឋអាមេរិកថា ការចាត់វិធានការចំពោះអតីតគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា គឺជាចំណាត់ការមួយ ដូចដែលសហរដ្ឋអាមេរិក កំពុងតែធ្វើចំពោះទីប្រឹក្សាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ពីការឃុបឃិតជាមួយរុស្ស៊ី ដើម្បីយកឈ្នះលើគូប្រកួតរបស់ខ្លួន។

សហរដ្ឋអាមេរិកនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ កន្លងទៅ បានសម្រេចដាក់កម្រិតទិដ្ឋការរបស់សហរដ្ឋអាមេរិក ចំពោះមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមហេតុផលថា លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ ជាពិសេសគឺការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា។

ឆ្លើយតបការលើកឡើងរបស់សហរដ្ឋអាមេរិកនៅក្នុងលិខិតឆ្លើយតបដែលធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជា បានប្រាប់អាមេរិកថា ការចាត់វិធានការចំពោះគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា គឺមិនខុសពីសហរដ្ឋអាមេរិក ដែលកំពុងចាត់វិធានការណ៍ទៅលើលោក Paul Manafort និងលោក Rick Gates ទីប្រឹក្សាបីរូបនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រា ពាក់ព័ន្ធការឃុបឃិតជាមួយរុស្ស៊ី ដើម្បីបំផ្លាញគូប្រកួតរបស់ខ្លួន គឺលោកស្រី ហ៊ីលឡារី គ្លីនតុន។

លោក កឹម សុខា ក្នុងកិច្ចសន្ទនាជាមួយអ្នកគាំទ្រនៅប្រទេសអូស្ត្រាលី បានសារភាពថា រូបលោកត្រូវបានសហរដ្ឋអាមេរិកជួយជ្រោមជ្រែង និងរៀបចំយុទ្ធសាស្ត្រផងដែរ ដើម្បីគាស់រំលើងប្រជាពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីប្រដូចពីចំណាត់ការចំពោះអតីតិគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ទៅនឹងទីប្រឹក្សាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ហើយនោះ ក្រសួងការបរទេសកម្ពុជា ក៏បានក្រើនរំលឹកអាមេរិកផងដែរថា ការជ្រៀតជ្រែកពីបរទេសតែងតែបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ដូចករណីរបស់កម្ពុជាកាលពីអតីតកាល និងបណ្តាប្រទេសមួយចំនួនទៀត ដែលមជ្ឈដ្ឋានបរទេសប៉ុនប៉ងឲ្យមានការផ្លាស់ប្តូរ។

ក្នុងលិខិតឆ្លើយតបនេះបានរំលឹកប្រាប់អាមេរិកយ៉ាងដូច្នេះ «ការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នង គឺជាបញ្ហារសើបសម្រាប់ប្រទេសកម្ពុជា ក៏ដូចជារដ្ឋអធិបតេយ្យផ្សេងទៀតដែរ។ ដូចក្នុងករណីលោក Paul Manafort និងលោក Rick Gates បានបង្ហាញយ៉ាងច្បាស់អំពីភាពរសើបរបស់អាមេរិក ចំពោះការជ្រៀតជ្រែកពីបរទេស»

ក្រសួងការបរទេសកម្ពុជារំលឹកអាមេរិកទៀតថា ការជ្រៀតជ្រែកពីបរទេសបានធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម និងរងទុក្ខវេទនាយ៉ាងខ្លាំង។ «ប្រវត្តិសាស្រ្តបានបញ្ជាក់យ៉ាងច្បាស់ថា ការជ្រៀតជ្រែកពីបរទេសតែងតែបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ ដូចក្នុងករណីប្រទេសកម្ពុជានាពេលកន្លងមក និងក្នុងបណ្តាប្រទេសផ្សេងមួយចំនួនទៀត ដែលមជ្ឈដ្ឋានបរទេសប៉ុនប៉ងឲ្យមានការផ្លាស់ប្តូរ។ បទពិសោធន៍ដ៏ជូរចត់នៃសង្គ្រាម និងរបបប្រល័យពូជាសាសន៍ជិត ៣ទសវត្សរ៍ បានធ្វើឲ្យកម្ពុជាកំណត់យកអាទិភាពលើការថែរក្សាសន្តិភាព និងស្ថិរភាពដែលទទួលបានដោយលំបាក ព្រមទាំងការពង្រីកនីតិរដ្ឋ ដើម្បីធានាថា ការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា នឹងបន្តដោយគ្មានការរាំងស្ទះ»

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ទៅសហរដ្ឋអាមេរិកទៀតថា បើពិនិត្យមើលគោលនយោបាយអាមេរិកកាលពីអតីតកាលដែលគាំទ្រការផ្លាស់ប្តូរមិនតាមបែបប្រជាធិបតេយ្យ នឹងបានបង្កឲ្យមានការបំផ្លិចបំផ្លាញមកលើប្រជាជន និងប្រទេសកម្ពុជានោះ អ្វីដែលអាមេរិកកំពុងចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការប្រឆាំងលទ្ធិប្រជាធិបតេយ្យ គឺជាការនិយាយផ្ទុយនឹងទង្វើរបស់ខ្លួន។

ក្រសួងការបរទេសកម្ពុជាបានរំលឹកអាមេរិកទៀតថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួន ធ្លាប់បានប្រព្រឹត្តទង្វើអយុត្តិធម៌យ៉ាងខ្លាំងសម្រាប់កម្ពុជា។ អយុត្តិធម៌ត្រង់ថា អាមេរិក និងសម្ព័ន្ធដែលអួតអាងពីការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ដែលគ្រប់គ្រងប្រទេសដោយគ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យអ្វីទាំងអស់ ឲ្យកាន់តែកាប់អាសនៈកម្ពុជានៅអង្គការសហប្រជាជាតិ ហើយជំរុញឲ្យមានការអនុម័តសេចក្តីសម្រេចចិត្តរបស់អង្គការនេះ ហាមឃាត់ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រជាជាតិមួយ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិក៕