(តាកែវ)៖ បន្ទាប់ពីមានហេតុការណ៍ នៃការដួលសន្លប់ជាបន្តបន្ទាប់ទៅលើកម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ «ជេឌី &​ តូយូស៊ីមា ខូអិលធីឌី» ដែលមានទីតាំងនៅឃុំពត់ស ស្រុកបាទី ជិត២០០នាក់កាលពីព្រឹកមិញ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០១៧នេះ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន​ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថវិការបស់​ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ យកទៅចែក​ជូន​កម្មករ-កម្មការិនី ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី​។

​នៅក្នុងឱកាសសួរសុខទុក្ខដល់កម្មករ-កម្មការិនីដែលបានដួលសន្លប់ និងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាទី លោក ឡាយ វណ្ណៈ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន មកជម្រាបជូនដល់បងប្អូនរងគ្រោះ ដោយសេចក្តីនឹករំលឹក និងសូមចូលរួមសោកស្តោយចំពោះហេតុការណ៍នេះ ជាពិសេសសម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​មានការបារម្ភពីបងប្អូនកម្មករ ហើយគ្រាន់តែកើតហេតុភ្លាម សម្ដេច​បានណែនាំឲ្យលោកចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនបងប្អូន​កម្មករភ្លាមៗ។

អភិបាលខេត្តតាកែវ ក៏បានណែនាំ និងជម្រុញដល់ក្រុមគូ្រពេទ្យត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលជំងឺដល់បងប្អូនកម្មករ ឲ្យបានដិតដល់ជាទីបំផុត ហើយលោកបានធ្វើការណែនាំឲ្យម្ចាស់រោងចក្រ ត្រូវសម្អាតបរិស្ថាតឲ្យបានស្អាត កុំ​ឲ្យមានក្លិនមិនល្អតទៅទៀត ដែលអាចឲ្យ​កម្មករដួលសន្លប់ជាញឹកញាប់ ជាពិសេសមន្ទីរពាក់ព័ន្ធត្រូវចុះពិនិត្យឲ្យបានច្បាស់លាស់ ពីមូលហេតុនៃការដួលសន្លប់នេះ ដើម្បីធ្វើយ៉ាងណាកុំឲ្យបញ្ហានេះកើតឡើងតទៅទៀត។

​ជាមួយគ្នានេះ លោកអភិបាលខេត្តតាកែវ បានផ្តាំផ្ញើដល់បងប្អូនជាកម្មករ-កម្មការិនីទាំងអស់ ដែលកំពុងតែសម្រាកព្យាបាលជំងឺ ត្រូវតែថែទាំសុខភាព​ឲ្យបានល្អប្រសើរ ​ត្រូវហូបថ្នាំតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីឲ្យមានសុខភាពល្អដូចដើមវិញ ហើយបើសិនជាមានកម្មការនីណាមួយ មានអាការៈធ្ងន់ធ្ងរ ត្រូវតែបញ្ជូនភ្លាមៗ ទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីឲ្យក្រុមគ្រូពេទ្យនៅទីនោះព្យាបាលជំងឺនេះបន្ត ធ្វើយ៉ាងណាឲ្យសុខភាពរបស់បងប្អូន កម្មករ កម្មការនីមានសភាពធូរស្រាល ដើម្បីឆាប់បានវិលចូលបម្រើការងារជាធម្មតាវិញ​៕