(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រ​ដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្រ្តីរាជការក្រោមឱវាទទាំងអស់ នៅរសៀលថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសាររំលែកមរណទុក្ខ ចំពោះគ្រួសារសព លោក អ៊ឹម សិទ្ធី តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព នាព្រឹកទៀបភ្លឺ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា មរណភាពរបស់ លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ នូវកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ម៉ែន សំអន បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយ ក្រុមគ្រួសារទាំងអស់ របស់សព ឯកឧត្តម អ៊ឹម សិទ្ធី ដោយសេចក្ដីសង្វេកជាទីបំផុត ។ ខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ឹម សិទ្ធិ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»