(ព្រះវិហារ)៖ រថយន្ត​ធុនយក្សកែច្នៃ ខុស​លក្ខណៈ​បច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងត្រូវបានគណៈកម្មាការសុវត្ថិភាព ចរាចរផ្លូវគោកខេត្តព្រះវិហារ ចុះ​បង្ក្រាប​ និងកាត់ទ្រុងជា​បន្តបន្ទាប់ ដើម្បី​ការពារការខូចខាត​ផ្លូវថ្នល់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​ការចូលរួម​លើកកម្ពស់សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផងដែរ​។

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានថ្លែងថា ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​រថយន្ត​កែច្នៃខុស​លក្ខណៈ​បច្ចេកទេស​ខាងលើ​ ធ្វើឡើង​នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ព.ស ២០១៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ គ.ស ២០១៧​ ដោយ​រថយន្ត​ខាងលើ​លើស​កម្ពស់​ ០.៧០​ម៉ែត្រ និង​បណ្តោយ​ ១.៨០​ម៉ែត្រ ដែល​ក្នុង​ច្បាប់​រថយន្ត​ប្រភេទ​នេះ គឺកំណត់​ឲ្យ​បណ្តោយ ១២.២​ម៉ែត្រ ទទឹង​ ២.៥​ម៉ែត្រ និងកម្ពស់​ ៤.២​ម៉ែត្រ​ ហើយ​ខាង​ម្ចាស់​រថយន្ត​ក៏បាន​យល់ព្រម​ធ្វើការ​កាត់​ទ្រូង​ដោយ​ខ្លួនឯង នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២០១៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ គ.ស ២០១៧​នេះ ដែល​ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិលេខ៦២ ក្នុងភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​លោកប្រធាន​មន្ទីរ​បាន​បន្តថា ប្រតិបត្តិការ​ចុះបង្ក្រាប​រថយន្ត​កែច្នៃខុស​លក្ខណៈ​បច្ចេកទេស​នេះ គឺធ្វើឡើង​តាម​បទបញ្ជា​របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរផ្លូវគោគ ខេត្តព្រះវិហារ​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា ការចុះ​កាត់​ទ្រុង​រថយន្ត​ខាងលើនេះ គឺ​ធ្លាប់បាន​ចុះ​ធ្វើ​ការអប់រំ និង​ផ្សព្វផ្សាយដល់​អ្នកប្រើប្រាស់​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេសជាច្រើនដងហើយ ហើយ​បាន​ព្រមាន​ថា ប្រសិនបើ​ម្ចាស់រថយន្តនៅតែ​មិន​អនុវត្តតាម​ការណែនាំ​នោះទេ ក្រុមការងារ​នឹង​ចាត់វិធានការ​ក្តៅ ដើម្បី​ចាប់​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​យកមក​កាត់​ទ្រុង ដោយ​មិន​មានការលើកលែង​ឡើយ៕