(ភ្នំពេញ)៖ លោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាតំណាងឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអះអាងថា កម្មវិធី​ «ទស្សនាទានព្រះពុទ្ធសាសនា» ដែលជាកម្មវិធីបង្កើតឡើង តាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដំណើរការដោយជោគជ័យ នៅក្នុងខេត្តទាំង៩ នៅទូទាំងប្រទេសកម្ពុជា រួមមានខេត្ត ស្វាយរៀង, ត្បូងឃ្មុំ, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់សោម និងខេត្តកំពង់ចាម។

លោក ប៉ែន វិបុល បញ្ជាក់ថា កម្មវិធី«ទស្សនាទានព្រះពុទ្ធសាសនា» នេះដឹកនាំដោយ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សហការជាមួយ អគ្គនាយកដ្ឋានវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន និងរៀបចំដោយផ្ទាល់ពី នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះពុទ្ធសាសនា ផ្សារភ្ជាប់សង្គម នៃ​ក្រសួងធម្មការ និងសាសនា បានផ្តល់ការអប់រំ ដល់សិស្សានុសិស្សជាង១ម៉ឺននាក់ ដែលបានចូលរួមទាំង៩ ខេត្តធំៗខាងលើនេះ។

ខេត្តធំៗទាំង៩ ដែលលោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាតំណាងឲ្យលោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងក្រុមការងារ បានចុះទៅផ្តល់ចំណេះដឹង តាមរយៈកម្មវិធី «ទស្សនាទានព្រះពុទ្ធសាសនា» រួមមាន៖

១៖ ខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានសិស្សចូលរួម ជាង៣០០នាក់

២៖ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មានសិស្សចូលរួម ជាង១៣៥០នាក់

៣៖ ខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានសិស្សចូលរួម ជិត១ពាន់នាក់

៤៖ ខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ មានអ្នកចូលរួមសរុប២៨៣៦នាក់​

៥៖ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដោយមានសិស្សចូលរួម ចំនួនសរុប១៨១៦នាក់ ​

៦៖ ខេត្តពោធិ៍​សាត់ នៅថ្ងៃ ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដោយមានសិស្សចូលរួម ចំនួនសរុប១១៥០នាក់

៧៖ ខេត្តសៀមរាប នៅថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួនសរុបជាង១៧០០នាក់

៨៖ ខេត្តបាត់ដំបង នៅថ្ងៃទី០២​ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន៣៥០នាក់

៩៖ ខេត្តព្រះសីហនុ នៅថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០១៧ ដោយមានសិស្សានុសិស្សចូលរួម ចំនួន១១២៨នាក់

លោក ប៉ែន វិបុល បន្តថា កម្មវិធី«ទស្សនាទានព្រះពុទ្ធសាសនា» បានផ្តល់ការអប់រំ និងចំណេះដឹងទូលំទូលាយដល់សិស្សានុសិស្ស ដែលបានចូលរួម ដោយកម្មវិធីនេះ បានផ្តល់ដំបូន្មានដល់ដោយ ផ្តោតសំខាន់លើការសិក្សា របស់សិស្សានុសិស្ស ជាពិសេស គឺជាកំណត់ គោលដៅ ជីវិតខ្លួនឯងថា តើនៅពេលណាគួរសិក្សា និងពេលណាមានគ្រួសារ និងកសាងអនាគតភ្លឺស្វាង និងធ្វើយ៉ាងណាឲ្យក្លាយជា ពលរដ្ឋល្អ សិស្សល្អ កូនល្អ និងចេះរក្សាឲ្យបាននូវគុណតម្លៃនៃសន្តិភាព និងការអភិវឌ្ឍក្នុងសង្គមជាតិ។ បន្ថែមពីនោះ ក៏មានការលើកឡើងពីការដឹងគុណមាតាបិតា លោកគ្រូអ្នកគ្រូ និងបញ្រ្ជាបនូវពុទ្ធឱវាទដល់យុវជន ឱ្យយល់ដឹង បុណ្យ បាបគុណទោស សីលធម៌ សុជីវធម៌ និងចរិយាធម៌ ក្នុងសង្គមឱ្យជៀសផុតអំពីការប្រើប្រាស់ គ្រឿងញៀនទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ អំពើអនាចារការរំលោភសេពសន្ធវៈ យល់ដឹងពីបញ្ហាសុខភាព ជំងឺអេដស៍ គ្រោះថ្នាក់ចររាចរណ៍ និងក្មេងទំនើងជាដើម។

លោក ប៉ែន វិបុល បន្តឲ្យដឹងថា កម្មវិធីនេះ ក៏បានរៀបចំធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញបរិបូរណ៍ គ្មានសង្រ្គាម ប្រជាពលរដ្ឋរស់នៅសុខសប្បាយ និងសេដ្ឋកិច្ច មានការរីកចម្រើន ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ។ ជាការកត់សំគាល់ ការបង្កើតកម្មវិធីនេះ ក៏បានធ្វើឡើងឆ្លើយតបទៅ នឹងអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥៕