(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសថា ការគៀងគរឥទ្ធិពលនយោបាយបរទេស ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដែលធ្វើឡើងដោយមេដឹកនាំនិងក្រុមអតីតគណបក្សសង្រ្គោះជាតិ នាពេលនេះ គឺជាសកម្មភាពឧទ្ទាម និងក្បត់ជាតិ ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនអាចអត់ឱនឱ្យបានទេ។

ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម​ រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យកងទ័ពកម្ពុជា បង្វែរកាណុងកាំភ្លើងតម្រង់ទៅរាជរដ្ឋាភិបាល ហើយអំពាវនាវឱ្យកងទ័ព ឈប់គាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ មួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានខិតខំគៀកគរឥទ្ធិពលនយោបាយបរទេស ដើម្បីដាក់សម្ពាធ និងប្រឆាំងរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាក់ស្តែង នាថ្មីៗនេះ លោកស្រី មួរ សុខហួរ អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ​ ដែលត្រូវតុលាការកំពូល កាត់ទោសរំលាយគណបក្សនេះ ហើយហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានខិតខំជួបជាមួយ​នឹងប្រទេសដែលជាម្ចាស់ហត្ថលេខី លើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃ ជម្លោះកម្ពុជា នៅទីក្រុងបារីស។  លោកស្រី មួរ សុខហួរ បានជួបជាមួយអ្នកនយោបាយ រួមទាំង មន្ត្រីមួយចំនួននៅអូស្ត្រាលី ក៏ដូចជានៅឥណ្ឌូនេស៊ី ដើម្បីប្រឆាំងនឹងការសម្រេចរបស់តុលាការកម្ពុជា ផងដែរ។

លោក ផៃ ស៊ីផាន បានចាត់ទុកសកម្មភាពនេះ គឺជាសកម្មភាពគៀងគរបរទេសប្រឆាំងនឹង រដ្ឋអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ លោកពន្យល់ថា សកម្មភាពនេះ នឹងមិនអាចទៅរួចទេ ហើយកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ ជារដ្ឋអធិបតេយ្យមួយ ក្នុងចំណោមរដ្ឋអធិបតេយ្យក្នុងលោក ដែលជាសមាជិកអង្គការសហប្រជាជាតិ ចាប់តាំងពីអាណត្តិទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់យ៉ាងូច្នេះថា «រីឯជំនួបជាមួយ សមាជិកសភារបស់ឥណ្ឌូនេស៊ី ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលប្រឆាំង និងតុលាការកំពូលរបស់ខ្លួន ក៏ដូចជាប្រឆាំងសភារបស់ខ្លួន គឺមិនអាចទៅរួចទេ គឺអាស្រ័យដោយឥណ្ឌូនេស៊ី ឋិតនៅក្នុងសមាជិក សមាគមន៍ប្រជាជាតិអាស៊ាន ហើយគោលការណ៍គ្រឹះរបស់សមាគមន៍ប្រជាជាតិអាស៊ាននេះ គឺឈរនៅលើមូលដ្ឋាន និងគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង នៃរដ្ឋសមាជិករបស់ខ្លួន»

ដោយឡែកចំពោះការអំពាវនាវរបស់ លោក សម​ រង្ស៊ី ថ្មីៗនេះ លោក ផៃ ស៊ីផាន បានចាត់ទុកថា ជាគម្រោងរៀបចំឱ្យមានសង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបញ្ជាក់ថា «ការធ្វើវិទ្ធង្សនាឃោសនាឱ្យកងប្រដាប់អាវុធបង្វែចុងកាណុង មកបំផ្លាញរាជរដ្ឋាភិបាល ដែលកើតឡើងចេញពីប្រជាពលរដ្ឋខ្មែរផ្ទាល់ តាមរយៈការបោះឆ្នោតនោះ គឺជាសកម្មភាពឧទ្ទាម ដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលយកបាន ត្បិតកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីសន្តិភាព សេរីភាព និងការកសាងស្រុករបស់ខ្លួន អស់រយៈពេលជាយូរណាស់មកហើយ»

លោក ផៃ ស៊ីផាន បានបន្តទៀតថា «ប្រជាពលរដ្ឋខ្មែរទាំងមូល រាប់ទាំងក្រុមគាំទ្រគណបក្សក្បត់ជាតិ ក៏ទទួលបានផលពីសន្តិភាពនេះ ក៏ដូចជាសិទ្ធិសេរីភាពនយោបាយផងដែរ។ អាស្រ័យហេតុដូចនេះ អំពើក្បត់ជាតិដែល បានប្រព្រឹត្តនៅពេលដែលគណបក្ស CNRP នៅមានសុពលភាព ក៏ដូចជាបច្ចុប្បន្នរឹតតែបង្ហាញអំពីសកម្មភាពក្បត់ជាតិពិតប្រាកដ ជាក់ស្ដែងពុំអាចអត់ឱនឱ្យបាន នោះឡេីយ»