(បន្ទាយមានជ័យ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូនេះថា រហូតដល់បច្ចុប្បន្ននេះ គម្រាងវិនិយោគជប៉ុន ដែលបានកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន១១៥គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ១ប៊ីលានដុល្លារអាមេរិក បានបង្កើតការងារប្រមាណ ៣៦,០០០កន្លែង។

ការបញ្ជាក់យ៉ាងដូច្នេះរបស់ CDC ធ្វើឡើងឱកាសសម្ពោធក្រុមហ៊ុន Techno Park Poi Pet ដែលជារោងចក្រដ៏ធំរបស់ជប៉ុនថ្មីទៀត នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅតំបន់សេដ្ឋកិច្ច-ពិសេស សានកូ ប៉ោយប៉ែត ដែលស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រុមហ៊ុន Techno Park Poi Pet ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Toyota Tsusho Corporation មានទីស្នាក់ការនៅប្រទេសជប៉ុន បានទទួលគោលការណ៍វិនិយោគ ពីរាជរដ្ឋាភិបាលកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ បច្ចុប្បន្នលើផ្ទៃដីទំហំ ៤ហិកតា ក្រុមហ៊ុន Techno Park Poi Pet បានទទួលគម្រោងវិនិយោគដទៃទៀតចំនួន៥ក្រុមហ៊ុន ដែលមានសកម្មភាពផលិតគ្រឿងបន្លាស់រថយន្ត សម្ភារៈបរិក្ខារ  អេឡិចត្រូនិក និងខ្សែបង្គុំអគ្គិសនី ដោយបានបង្កើតការងារ ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ១៥០កន្លែង ហើយដែលនឹងកើនឡើង រហូតដល់ប្រមាណ៤០០កន្លែង នៅឆ្នាំ២០១៨ខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានស្វាគមន៍ចំពោះការចាប់ដំណើរការរបស់ក្រុមហ៊ុន Techno Park Poi Pet និងបានចាត់ទុកថាក្រុមហ៊ុននេះ គឺជាមេដែក និងកម្លាំងចលករដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញ និងស្រូបយកក្រុមហ៊ុនវិនិយោគដទៃទៀតមកក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ជាពិសេស ក្រុមហ៊ុនវិនិយោគជប៉ុនដែលមានសកម្មភាពក្នុងវិស័យផលិតសម្ភារៈបរិក្ខារ អេឡិចត្រូនិក និងគ្រឿងបង្គុំរថយន្ត។

លោកបានទុកថា សកម្មភាពទាំងអស់នេះ មិនត្រឹមតែបានចូលរួមចំណែកក្នុងការធ្វើពិពិធកម្មវិនិយោគ នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានរួមចំណែកផ្ទេរនូវចំណេះ ជំនាញ បទពិសោធន៍ការងារ និងជាពិសេសបានបង្កើតនូវ ការងារជាច្រើនកន្លែងដល់បងប្អូនប្រជាពលរដ្ឋយើងនាពេលបច្ចុប្បន្ន និងនាពេលខាងមុខដល់ក្មួយៗ ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាល័យ មហាវិទ្យាល័យ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងបានចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ផងដែរ។

លោករដ្ឋមន្ត្រីប្រតិភូ ក៏បានធ្វើការកត់សម្គាល់ ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ ខេត្តបន្ទាយមានជ័យ ពិសេសក្រុងប៉ោយប៉ែត ដែលបានប្រែក្លាយពីតំបន់សមរភូមិប្រយុទ្ធ ពោរពេញទៅដោយចំការមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មកជាតំបន់ដែលមានសក្តានុពលដ៏រស់រវើកផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយដែលលទ្ធផលទាំងនេះ គឺបានកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានធ្វើប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់នេះ និងជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយគាំទ្រនានាលើវិស័យមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ រហូតមកទល់បច្ចុប្បន្ន។

លោក ហ៊ីដេហ៊ីសា ហូរីណូឈី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ ចំពោះកិច្ចអភិវឌ្ឍនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈក្រុមហ៊ុន Techno Park Poi Pet តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត នឹងបន្តទាក់ទាញវិនិយោគបន្ថែមទៀតមកក្នុង តំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច ក្នុងក្រុងប៉ោយប៉ែតទាំងមូល។ ក្នុងនាមរដ្ឋាភិបាលជប៉ុន លោកអគ្គរដ្ឋទូត នឹងខិតខំប្រឹងប្រែងជំរុញការវិនិយោគជប៉ុន នៅកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។

សូមជម្រាបថា នៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៣ ដែលបានទទួលគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល និងមានក្រុមហ៊ុនវិនិយោគសរុបចំនួន១៥ក្រុមហ៊ុន ដោយបានស្រូបយកកម្លាំងពលកម្មប្រមាណ ៣,៥០០កន្លែង៕