(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំនាយ និងពលអាវុធហត្ថជាច្រើនរូបចូលរួមបរិច្ចាគឈាម នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ក្នុងគោលបំណងជួយសង្រ្គោះជីវិតប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំនាយ និងពលអាវុធហត្ថខេត្ត មកបរិច្ចាគឈាមសង្គ្រោះជីវិតអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលការបរិច្ចាកឈាមនេះ គឺជាលើកទី៣ ហើយលោកសូមធ្វើការអំពាវនាវឲ្យនាយ និងពលអាវុធហត្ថផ្សេងទៀតនៅទូទាំងខេត្ត សូមអញ្ជើញទៅចូលរួមបរិច្ចាកឈាមឲ្យបានគ្រប់ៗគ្នា។

លោកមេបញ្ជាការ បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាការងារមនុស្សធម៌ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមព្រោះការបរិច្ចាគឈាមជួយសង្រ្គោះ ជីវិតមនុស្ស គឺហាក់បីដូចយើងបានធ្វើបុណ្យអញ្ចឹងដែរ។ ក្រៅពីការងារស្នូលរបស់កងរាជអាវុធហត្ថ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗ នោះកម្លាំងកងរាជអាវុធហត្ថខេត្តបានចូលរួមក្នុងកិច្ចការសង្គមជាច្រើនដូចជា៖ ជួយលើកផ្ទះប្រជាពលរដ្ឋ ជួយបង្ករបង្កើនផល ដកស្ទូង ច្រូតកាត់ ហើយជាក់ស្តែងថ្ងៃនេះយើងបានចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតប្រជាពលរដ្ឋទៀតផង។

លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏ដូចជានាយ និងពលអាវុធទាំងអស់ដែលតែងតែចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតអ្នកជំងឺ។

លោកសុក វាសនា ក៏បានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏ដូចជាប្រជាពលរដ្ឋទាំងពីរភេទចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា។ អ្នកដែលអាចបរិច្ចាគឈាមបានមានអាយុពី១៨ ដល់៦០ឆ្នាំ មានសុខភាពល្អបរិបូរណ៍មិនមានជំងឺឆ្លងផ្សេងៗ ក្រោយពីការបរិច្ចាគឈាមហើយ រយៈពេល៣ខែ គឺយើងអាចទៅបរិច្ចាគឈាមម្តងទៀតបាននេះសម្រាប់មនុស្សប្រុស ដោយឡែកសម្រាប់មនុស្សស្រី គឺអាចទៅបរិច្ចាគឈាមម្តងទៀត បានក្រោយរយៈពេល៤ខែ ហើយការបរិច្ចាកឈាមនេះមិនប៉ះពាល់ដល់សុខភាពទេ៕