(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨ ដើម្បីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន​ក្នុងស្រុក ទូទាំងប្រទេសជាលើកទី២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។​ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកសារព័ត៌មានដែលចូលពិធីនេះ តម្រូវឲ្យមានការចុះឈ្មោះ ដើម្បីទទួលបានប័ណ្ណចូលរួមយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖

ទី១៖ សម្រាប់ទស្សនាវដ្ដី កាសែត សមាគមន៍ និងក្លឹបអ្នកកាសែត សូមទាក់ទងលោក យ៉ែម ណយ ០១២ ៩២៦ ០១១
ទី២៖ សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ សូមទាក់ទង លោក សាន ពុទ្ធារី ០១២ ២៩២​ ៩៤៩, លោក អ៊ុន បញ្ញា ០៧៧ ៩១៩ ៤៩១
ទី៣៖ សម្រាប់គេហទំព័រ និង Freelance សូមទាក់ទងលោក សូ ស៊ីដាត ០១០ ៥០៧ ៥៥១។

សូមបញ្ជាក់ថា ការជួបជុំគ្នារវាងនាយករដ្ឋមន្ដ្រី និងអ្នកសារព័ត៌មានក្នុងស្រុក បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងជួបជាមួយអ្នកសារព័ត៌មានរៀងរាល់មួយឆ្នាំម្ដង៕