(ភ្នំពេញ)៖ សិក្ខាសាលាស្ដីពី វិទ្យុគមនាគមន៍សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៧ ត្រូវបានបិទបញ្ចាប់ដោយជោគជ័យ ដោយទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន លើការគ្រប់គ្រងវិសាលគមន៍ បទដ្ឋានគតិយុត្តិ បច្ចេកទេសថ្មីៗនិងដំណើរឆ្ពោះ ទៅបច្ចេកទេស 5G ដើម្បីផ្តល់នូវប្រយោជន៍ ជាអតិបរមាដល់ប្រទេសនីមួយៗក្នុងតំបន់ និងចំណេះដឹង រួមទាំងអត្ថប្រយោជន៍ល្អៗ ដែលស្របនឹងបទប្បញ្ញត្តិ នៃវិទ្យុទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ។

សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ រហូតដល់ទី៧ ខែធ្នូ ឆ្នាំ២០១៧ ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀប​ចំសិក្ខាសាលានេះឡើង។ នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នូវសិក្ខាសាលាថ្នាក់តំបន់មួយនេះ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) សហការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ។

វេទិកាថ្នាក់តំបន់នេះមានការធ្វើបទបង្ហាញ និងពិភាក្សាដោយអ្នកជំនាញនានា មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ក្រសួង-ស្ថាប័នជាតិ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិភូតំណាងប្រទេសជាសមាជិក ITU មកពីជាង២០ប្រទេស ប្រតិបត្តិករទូរគមនាគមន៍ និងភាគីពាក់ព័ន្ធដទៃទៀត លើប្រធានបទជាច្រើនដែលពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅបច្ចេកវិទ្យា 5G ក្នុងនោះរួមមានប្រធានបទស្តីពី មាគ៌ាបង្ហាញផ្លូវនៃទូរគមនាគមន៍ចល័តអន្តរជាតិ ២០២០, និន្នាការនៃការគ្រប់គ្រងវិសាលគមន៍ជាតិ, តួនាទី​នៃប្រព័ន្ធ​ផ្កាយរណបក្នុងបច្ចេកទេស 5G, ការផ្លាស់ប្ដូរទៅប្រព័ន្ធឌីជីថល និងការប្រឈម កាលានុវត្តភាពលើវិសាលគមន៍បច្ចុប្បន្ន និងអនាគត់។

ថ្លែងក្នុងការបិទសិក្ខាសាលានេះ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងពី អត្ថប្រយោជន៍ នៃផ្លាស់ប្តូរទៅបច្ចេកវិទ្យា5G។ លោកបញ្ជាក់ទៀតថា បច្ចេកវិទ្យា5G ដែលកាន់តែខិតមកជិតនេះនឹងផ្លាស់ប្តូរសង្គម រួមទាំង វិស័យផ្សេងៗទាំងមូល ដូចជាវិស័យកសិកម្ម សុខាភិបាល អប់រំ និងបែបផែនជីវិតដែលយើងរស់នៅបន្ថែមទៀត។

លោកបន្ថែមទៀតថា បច្ចេកទេសនេះ នឹងក្លាយជាវេទិកា កាន់តែទូលំទូលាយមួយសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្លាស់ប្តូរគ្នា ដោយសេរីនូវគំនិត និងចក្ខុវិស័យនានា សម្រាប់អនាគតនៃវិស័យទូរគមនាគមន៍។

សូមបញ្ជាក់ថា ការបញ្ចប់សិក្ខាសាលានេះទទួលបានជោគជ័យ យ៉ាងត្រចេះត្រចង់ និងបានយល់ដឹងច្រើនពីការប្រឈមនានា និងការកាលានុវត្តភាពនៃដំណើរឆ្ពោះទៅបច្ចកវិទ្យា 5G៕