(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ដែលមាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ជាសេនាធិការ បានបើកការជួសជុលចម្លាក់តោចំនួន២ និងព្រះពុទ្ធបដិមាចំនួន២អង្គ ក្នុងប្រាសាទប្រែរូប ខេត្តសៀមរាប មានទីតាំងស្ថិតនៅជ្រុងភាគឦសាន នៃស្រះស្រង់ ដែលគ្រោងនឹងចំណាយពេលវេលាសម្រាប់ថែទាំជួសជុល ៦ខែ។

ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម កំពុងរៀបចំរន្ទា និងស្ទូចចម្លាក់តោ ដែលបានបាក់ធ្លាក់ពាក់កណ្តាលខ្លួន ដើម្បីធ្វើការជួសជុលឡើងវិញ ចំណែកបំណែកដែលបាក់បែកទាំងឡាយ ក៏ត្រូវស្រង់ចុះក្នុងបញ្ជី និងសិក្សាប្រភពសម្រាប់យកទៅតភ្ជាប់ ស្របតាមទម្រង់ដើមនៃចម្លាក់នីមួយៗ។

បដិមារូបព្រះពុទ្ធធ្វើអំពីថ្មភក់ បានបាត់ព្រះកេសទាំងស្រុង និងដាច់ត្រឹមកជើង ហើយអាចត្រូវបាននាំទៅតម្កល់ក្នុងប្រាសាទនេះ ក្នុងសម័យកណ្តាល (សតវត្សទី១៥-១៦) គឺអំឡុងពេលដែលខ្មែរងាកមកគោរពព្រះពុទ្ធសាសនាថេរវាទវិញ ត្បិតប្រាសាទនេះ ដើមឡើយសាងឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

លោក ឡុង ណារី អ្នកដឹកនាំគម្រោងជួសជុលនេះបញ្ជាក់ថា គេពុំបានដឹងច្បាស់លាស់ពីពេលវេលា និងមូលហេតុដែលចម្លាក់តោទាំងនេះ បាក់ធ្លាក់ពាក់កណ្តាលខ្លួនទៅជាន់ខាងក្រោមនោះទេ។ ផ្អែកតាមស្លាកស្នាមដែលសេសសល់ ចម្លាក់តោទាំងនេះ កន្លងមកធ្លាប់ទទួលការជួសជុលដោយសាលាបារាំងចុងបូព៌ា (EFEO)។ ស្ថានភាពបច្ចុប្បន្ន ចម្លាក់តោបង្ហាញអំពីស្នូលដែកដែលបានប្រើប្រាស់សម្រាប់ពង្រឹង បានរងការពុកផុយខ្លាំង ដូច្នេះ ចម្លាក់អាចត្រូវរបេះធ្លាក់ដោយសារការថយចុះនៃគុណភាពសម្ភារពង្រឹងទាំងនោះ។

លទ្ធផលលើផ្នែកកិច្ចការថែទាំ អភិរក្ស និងជួសជុលចម្លាក់ បដិមានៅប្រាសាទប្រែរូប ក្នុងឆ្នាំ២០១៧ គឺបានជួសជុលរួចរាល់នូវចម្លាក់តោចំនួន៣ និងក្បាច់ចម្លាក់ផ្តែរចំនួន២ នៅប៉មជ្រុងឦសាន និងជ្រុងពាយ័ព្យផ្នែកខាងលើ និងចម្លាក់ពុកផុយលើសសរពេជ្រមួយចំនួនទៀត។

បំណង និងជម្រើសនៃការជួសជុលចម្លាក់តោ និងចម្លាក់ព្រះពុទ្ធរូបអំពីថ្មភក់នេះ គឺដើម្បីផ្តល់ការលើតម្លៃវត្ថុសិល្បៈ ពិសេសសម្រាប់ផ្នែកសាសនា ហើយរាល់ដំណាក់កាលនីមួយៗ នៃដំណើរការជួសជុលត្រូវគោរពនូវបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពោលរាល់បំណែកថ្មតូចធំទាំងឡាយ ដែលរបេះដាច់ចេញពីទម្រង់ដើមនៃចម្លាក់ត្រូវការប្រមូល ព្រមទាំងធ្វើកំណត់ត្រាជាក់ច្បាស់ ដោយគិតលើគុណភាពថ្ម និងលទ្ធភាពអាចយកទៅប្រើប្រាស់ឡើងវិញ ក្នុងការតភ្ជាប់គ្នាតាមទម្រង់ដើមនៃបដិមា។

ដោយឡែក កិច្ចការសម្អាតលើផ្ទៃថ្ម ជាបច្ចេកទេសចាំបាច់សម្រាប់ជម្រះជាតិអំបិលដែលបន្សល់នូវកំណកជាច្រើនស្អិតជាប់នៅលើផ្ទៃថ្មទាំងនោះ ក្នុងនោះការជួសជុលក៏មានការផ្លាស់ប្តូរសម្ភារចាស់ៗ ដូចជា ដែកទាមដែលពុកផុយ បានផ្លាស់ប្តូរដែកទាមថ្មី និងបិទភ្ជិតបាយអថ្មីចូលក្នុងស្នាមប្រហោងតូចឆ្មា រួមទាំងភ្ជិតស្នាមប្រេះសម្រាប់ការពារនូវជម្រាបទឹក។ ចំពោះព្រះកេសដែលបាត់បង់របស់ព្រះពុទ្ធរូបទាំងពីរ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីនាំយកទៅតភ្ជាប់ឡើងវិញ។

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា ដឹកនាំ និងអនុវត្តការងារផ្ទាល់ដោយកូនខ្មែរ ដែលធ្លាប់ឆ្លងកាត់ការរៀនសូត្រ និងបទពិសោធន៍ជាមួយការដ្ឋានបរទេស ហើយបន្តបច្ចេកទេសនេះ សម្រាប់សង្រ្គោះបេតិកភណ្ឌវប្បធម៌ តាមរយៈការជួសជុលរាល់ក្បាច់ចម្លាក់ដែលរងការពុកផុយទាំងឡាយ នៅតាមប្រាសាទនានាក្នុងតំបន់អង្គរ៕