(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយដោយស្នើទៅកាន់ អភិបាលរាជធានី-ខេត្ត និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី-ខេត្ត ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានការសម្រួលពិសេសសម្រាប់ជនពិការ។

លិខិតរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើឡើង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងឱកាសទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតដែលផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត និង គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី-ខេត្តយ៉ាងដូច្នេះថា៖ ដើម្បីធានាសុវត្ថិភាព សុខមាលភាព និងភាពងាយស្រួលសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ថ្នាក់ជាតិស្នើសុំ ឯកឧត្តម លោកជំទាវ ចាត់ចែងឱ្យមានគេហដ្ឋានរចនាសម្ព័ន្ធកន្លែង បរិក្ខា និងសេវា សម្រាប់ជនពិការគ្រប់ប្រភេទដូចជា ការរៀបចំផ្លូវជម្រាល ផ្លូវដើរ ជណ្តើរ បង្កាន់ដៃ សុវត្ថិភាព ភ្លើងសញ្ញា ស្លាកសញ្ញា និងបរិក្ខាជំនួយសុវត្ថិភាពផ្សេងៗ សម្រាប់ជនពិការ ចំពោះរាល់គម្រោងជាអាទិ៍៖

* គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំណង់ផ្តល់សេវាជូនសាធារណជន និងលំហរសាធារណៈដូចជា បណ្តាញផ្លូវ ផ្លូវថ្មើជើង ចញ្ចើមផ្លូវ សួនច្បារ ចំណតយានយន្ត ស្ថាននីយ៍រថភ្លើង ព្រលានយន្តហោះ អាគាររដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព។

* គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់បុរី លំនៅឋាន សណ្ឋាគារ ភោជនីយ៍ដ្ឋាន ផ្សារ រោងចក្រ និងអគារឯកជនផ្សេងៗទៀត។

សូមបញ្ជាក់ថា តាមការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង​ ផែនការ បានបង្ហាញថា អត្រាជនពិការមានចំនួន ៥២៤, ០០០នាក់ ស្មើនឹង ៤% នៃប្រជាជនសរុប ១៤,៦៧៦,៥៩១នាក់៕