(កំពង់ស្ពឺ)៖លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ Fresh News ថា នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តដឹកកម្មករ-កម្មការិនី ធ្វើការរោងចក្រមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ក៏បែកកង់រេចង្កួតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់កម្មការិនីម្នាក់ និងកម្មការិនី១៦នាក់ផ្សេងទៀត របួសធ្ងន់ស្រាល កំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង០៦៖២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍របស់ នគរបាលការិយាល័យចរាចរណ៍ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5411 (មិនទាន់ស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរ) បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង លុះបើកបរទៅដល់ត្រង់ចំណុចកើតហេតុ បានទៅប៉ះរថយន្ដ១គ្រឿងម៉ាក KIA ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 1. 3-5637 (មិនទាន់ស្គាល់ឈ្មោះនិង អាសយដ្ឋានអ្នកបើកបរ) ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់កម្មការិនីម្នាក់ និងរបួសកម្មការិនី១៦នាក់ ក្នុងនោះរបួសធ្ងន់០៦នាក់៕