(ភ្នំពេញ)៖ បច្ចុប្បន្នកម្ពុជាកំពុងធ្វើការស្រាវជា្រវ យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដាក់បញ្ជូលនូវខេមរៈភាសា ទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលនេះជាការសិក្សាស្រាវជ្រាវថ្មីមួយផ្សេងទៀត និងបង្ហាញពីការវិវត្តន៍រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ខ្លួនក្នុងវិស័យ ICT នៅកម្ពុជាផងដែរ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា និបទីក (NIPTICT) បានសហការជាវិទ្យាស្ថានបើកទូលាយ និងអង្គការ SPIDER បានរៀបចំកម្មវិធីបើក «សន្និសីទស្រាវជ្រាវថ្នាក់តំបន់លើកទី១ ស្តីពីដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ» រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក ខូវ មករា អនុរដ្ឋលេខាធិការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅទីស្តីការក្រសួង។

ឱកាសនោះ លោក ខូវ មករា បានលើកឡើងថា «សន្និសីទស្រាវជ្រាវវិទ្យាសាស្ត្រនេះ គឺជាវេទិកាថ្នាក់តំបន់ ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវលើ ដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ បង្ហាញពីនវានុវត្តន៍ និងសមិទ្ធិផលថ្មីៗដែលកើតចេញពីការស្រាវជ្រាវរបស់ពួកគាត់។ ការចូលរួមយ៉ាងផុលផុសពីសំណាក់វាគ្មិនជាអ្នកជំនាញឯកទេស និងអ្នកចូលរួមទាំងក្នុងស្រុកនិងក្នុងតំបន់ បានបង្ហាញអំពីការវិវត្តន៍ជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងគួរជាទីទុកចិត្តរវាងតួអង្គពាក់ព័ន្ធជាពិសេស ក្រសួងគ្រឹះស្ថានអប់រំ និងវិស័យឯកជនក្នុងជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យ ICT ដែលស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា»។

ក្នុងរយៈពេល ២ថ្ងៃនៃសន្និសីទស្រាវជ្រាវនេះមានការចូលរួមពី លោកបណ្ឌិត លោកសាស្ត្រាចារ្យ តាមបណ្ដាប្រទេសនានាទាំងក្នុង និងក្រៅតំបន់ចំនួន១០ប្រទេសចូលរួម ដែលក្នុងនោះរួមមាន បារាំង ជប៉ុន ប៉ាគីស្ថាន សឹង្ហបុរី ថៃ ឡាវ វៀតណាម ភូមា ម៉ាឡេស៊ី និង កម្ពុជា។ សនិ្នសីទនេះក៏មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និង និស្សិតមកពី វិទ្យាស្ថានជាតិ និបទីក (NIPTICT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងសាកលវិទ្យាល័យន័រតុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការណ៍ និងជំរុញឲ្យមានកំណើននៃការស្រាវជ្រាវលើវិស័យ ICT។

ជាមួយគ្នានេះ លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិនិបទីក បានរំលឹកផងដែរថា «វិទ្យាស្ថានជាតិនិបទីក បានរៀបចំសន្និសីទស្រាវជ្រាវប្រចាំឆ្នាំស្តីអំពីដំណើរការភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័របាន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៤មក។ សន្និសីទឆ្នាំនេះ ពិសេសជាងឆ្នាំកន្លងទៅ ដោយសារមានការបើកទូលាយជាងមុនលើប្រធានបទស្រាវជ្រាវ និងមានការចូលរួមពីសំណាក់អ្នកស្រាវជ្រាវ បណ្ឌិត សាស្ត្រាចារ្យ មកពីបណ្តាប្រទេសនានាក្នុងតំបន់ រួមទាំងអាស៊ី និងអឺរ៉ុប ជាមួយនិងលទ្ធផលស្រាវជ្រាវល្អៗជាងមុន និងច្រើនជាងមុន។ ដូចដែលយើងបានដឹងរួចមកហើយថា ការស្រាវជ្រាវគឺជាការងារស្នូលរបស់គ្រឹះស្ថានអប់រំឧត្តមសិក្សា ក្នុងការពង្រឹងគុណភាពអប់រំ និងសមត្ថភាពសាស្រា្តចារ្យ ដែលជាផ្នែកមួយដ៏សំខាន់សំរាប់បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពរួមចំណែកដល់ ការអភិវឌ្ឍន៍ប្រទេសជាតិ»។

សម្រាប់ លោក សំ សិទ្ធិសេរី អនុប្រធានវិទ្យាស្ថានជាតិ និបទីក (NIPTICT) និងជាតំណាងគណៈកម្មការរៀបចំសន្និសីទនេះ បានលើកឡើងថា «វិទ្យាស្ថានជាតិនិបទីក មានមោទនភាពដែលបានសហការមួយដៃគូ ស្រាវជ្រាវថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីរៀបចំឱ្យមានសន្និសីទថ្នាក់តំបន់នេះឡើង។គោលបំណងសំខាន់នៅក្នុងសន្និសីទនេះគឺ ទី១ ដើម្បីបង្កើនកាស្រាវជ្រាវទៅលើភាសា ក្នុងតំបន់អាស៊ាន ដែលជួយដល់ប្រជាជនទទួលបានព័ត៌មានកាន់តែច្រើន និងធ្វើឱ្យការទំនាក់ទំនងកាន់តែប្រសើរជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចតំបន់ឱ្យកាន់តែរីកចំរើន និងគោលបំណងទី២គឺ បង្កើនបណ្ដាញអ្នកស្រាវជ្រាវផ្នែកភាសាទាំងក្នុងតំបន់ និងក្រៅតំបន់»។

សូមបញ្ជាក់ថា សន្និសីទនេះផ្តល់លទ្ធផលមួយចំនួនដែលគួរឲ្យគត់សំគាល់ដូចជា ការចួលរួមចែករំលែកពីបណ្ឌិតជំនាញចំនួន ៦ប្រធានបទ ការធ្វើបទបង្ហាញចំនួន ៣ប្រធានបទ និងឯកសារស្រាវជ្រាវចំនួន ១០ (មកពី១០ប្រទេសផ្សេងគ្នា) ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវដំណើរការភាសាអាស៊ានក្នុងប្រព័ន្ធកុំព្យូទ័រ។ នៅក្នុងសន្និសីទនេះផងដែរ ក៏មានការរៀបចំកិច្ចពិភាក្សាបង្កើនបណ្តាញអ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកភាសាក្នុងតំបន់អាស៊ានផងដែរ៕