(ភ្នំពេញ)​៖​ ​លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំ​បុរស​ជនជាតិ​តៃវ៉ាន់​២​នាក់ ​និង​ម៉ាឡេស៊ី​ម្នាក់ ​​ដែលពាក់ព័ន្ធករណីចាប់​បង្ខាំង​ជនជាតិ​ថៃ​៩​នាក់ ​នៅក្នុង​ផ្ទះ​វីឡា​មួយកន្លែង ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ហើយថ្ងៃស្អែក ទើបបន្ដ​សួរនាំបន្ថែមទៀត។

លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ​ឲ្យដឹងនៅល្ងាច​នេះដែរថា បន្ទាប់ពីបញ្ចប់ការសួរនាំជនជាតិចិនតៃវ៉ាន់ និងម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌវិញហើយ ដោយថ្ងៃស្អែកទើបបញ្ជូនមកតុលាការ ដើម្បីសួរនាំបន្ដទៀត។

​ជនសង្ស័យ ជាជនជាតិ​តៃវ៉ាន់២នាក់ ឈ្មោះ​ Chen Chin Hao អាយុ​៤៤​ឆ្នាំ និង​ឈ្មោះ Kuo Fang Lang អាយុ​៤២​ឆ្នាំ​ ចំណែក​បុរស​ម៉ាឡេស៊ី​ឈ្មោះ Yong Yee Kan អាយុ​៤៣​ឆ្នាំ​។

ដោយឡែកជនរងគ្រោះ ជាជនជាតិថៃទាំង៩នាក់នេះ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅស្ថានទូតថៃប្រចាំនៅកម្ពុជាវិញហើយ ដើម្បីបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ។​​

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ថា ជនបរទេសទាំង៣​នាក់​​នេះ​ បាន​អូសទាញ​ជនជាតិ​ថៃ​៩​នាក់ ​ឲ្យមក​រាជធានី​ភ្នំពេញ ​​ដើម្បី​ធ្វើ​ការងារ​ លុះពេលមកដល់​ភ្នំពេញ​ពួកគេ​ទាំង​៣ ​បាន​ជួល​វីឡា​មួយកន្លែង​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ​ដោយឲ្យ​​ជនជាតិ​ថៃ​ទាំងនោះ​ចូល​ស្នាក់នៅ​កាលពី​ថ្ងៃទី​៣ ខែធ្នូ​។ ប៉ុន្តែ​ពេល​ជនជាតិ​ថៃ​ទាំងអស់នោះ​ ចូល​ស្នាក់នៅហើយ​ស្រាប់តែ​ពួក​​គេ​ទាំង​៣ ​បាន​បង្ខាំង​ទុក​មិនឲ្យ​ចេញ​ក្រៅបរិវេនផ្ទះជួលនោះឡើយ។

ដោយយល់ឃើញថានេះ ជារូបភាពនៃការបង្ខាំងខ្លួនជនជាតិ​ថៃ​ទាំងនោះ​ ក៏មានការ​ភ័យខ្លាច ​ហើយឡើងទៅ​ជាន់​លើផ្ទះ​វីឡា​នោះ រួច​ថត​យក​ទិដ្ឋភាព​ជិតៗ​វីឡា​នោះ ហើយ​ផ្ញើ​ទៅបង​ប្អូននៅក្រុង​បាងកក​ប្រទេស​ថៃ ​ដោយ​ប្រាប់ថា​ពួកគេ​ត្រូវបាន​បុរស​ទាំង​៣​នាក់​នេះ ​បង្ខាំង​ទុក​ហើយ​។ ពេលទទួលបាន​ព័ត៌មាន​នេះ​ បងប្អូន​ជនជាតិ​ថៃ​ទាំង​នោះបាន ប្តឹង​មក​សមត្ថកិច្ច​ថៃ​នៅ​ទីក្រុង​បាងកក រួច​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ព័ត៌មាន​នេះ​ មក​ស្ថានទូត​ថៃ ប្រចាំកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់។

ក្រោយ​ការស្រាវជ្រាវ​​ ​និងទទួលបាន​បញ្ជាពី​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរង ​ទទួលការងារព្រហ្មទណ្ឌផងនោះ កម្លាំងនាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ ក្រោយការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន សហការ​ជាមួយសមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ស​និ្ត​សុខ​ផ្ទៃក្នុង កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំណាង​សេនា​នុ​ព័​ន្ធ​យោធា​ថៃ​ប្រចាំ​កម្ពុជា ក្រោម​ការសម្របសម្រួល​ពី​លោក​ ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​ដល់ទី​តាំង​ផ្ទះ​វីឡា​នោះ រំដោះ​ជនជាតិ​ថៃ​ទាំង​៩​នាក់​នោះ និង​ឃាត់ខ្លួន​បុរស​តៃវ៉ាន់​២​នាក់ និង​ម៉ាឡេស៊ី​ម្នាក់​តែម្តង​៕​​