(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់អាជីវករ ប្រជាពលរដ្ឋអំពីការជ្រើសរើសយកទំនិញ ដែលល្អមិនហួសកាលបរិច្ឆេទ យកមកបរិភោគ ដើម្បីចៀសវាងនូវហានិភ័យ ដែលប៉ះពាល់ដល់សុខភាព ជាយថាហេតុ។

លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងនៅផ្សារបឹងត្រកួន ភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាលទ្ធផលមន្រ្តីជំនាញបានដកហូតទំនិញហួសកាលបរិច្ឆេទ រួមមាន៖ ដំណាប់កន្ទួត១១kg ទឹកក្រូច សាច់ មួយយួរ ស្មើ១២ដប កំទេចមីមួយថង់២០កញ្ចប់។

ជាមួយគ្នានេះបើតាមលោក ហុង លៀង មន្រ្តីជំនាញនឹងចុះណែនាំបន្តបន្ទាប់ទៀត សម្រាប់ត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមទីផ្សារ៕