(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួន នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ។

ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកជើងព្រៃ​ ដោយនៅវេលាម៉ោង០៥៖៣០នាទីល្ងាច កម្លាំង​ជំនាញ​ប្រតិបត្តិការបង្ក្រាប ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃលើ ឃុំគោករវៀង mដោយប្រើវិធានញុះញង់​ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ បូ​ រ៉ា ​អាយុ២៩ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យសមត្ថកិច្ច​បានធ្វើការស្រាវជ្រាវ បន្តឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៤នាក់ជាបន្តបន្ទាប់ ទី១៖ឈ្មោះ ហួត រ៉ា​​ដាង អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ ផល វិសាល ​អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ ជី វ័ន្ត អាយុ២៤ឆ្នាំ និងទី៤៖ឈ្មោះ សែម ភីន ​អាយុ២៨ឆ្នាំ។

លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា លុះដល់ម៉ោង០៦៖៣០នាទី កម្លាំង​ជំនាញ​ប្រតិបត្តិការបង្ក្រាប ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្នៅលិច ឃុំព្រៃចារ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចែម ស៊ីណូត ភេទស្រី អាយុ២០ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស ចំនួន​០៩កញ្ចប់ ទូរស័ព្ទដៃ​ចំនួន០១គ្រឿង ​និងប្រាក់ញុះញង់៨០,០០០រៀល និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀន​មួយចំនួន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ឯម កុសល ក៏បានប្រាប់បន្ថែមថា​ នៅលើផ្លូវជាតិលេខ៧ ចំណុច​ភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម កម្លាំងនគរបាលបានចុះពិនិត្យជាតិអាល់កុល-អាវុធជាតិផ្ទុះ និង​គ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម និងលោកវរសេនីយ៍ត្រី វ៉ន សារឿន អធិការរងសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងចរាចរណ៍ខេត្ត ដឹកនាំដោយ​លោកវរសេនីយ៍ត្រី ស៊ុ ណុល និង​លោកវរសេនីយ៍ត្រី សែម សាន នាយរងការិយាល័យចរាចរណ៍​ខេត្តកំពង់ចាម បានពិនិត្យលើធ្យោបាយរួម​ចំនួន៩៨គ្រឿង។

មធ្យោបាយទាំង៩៨គ្រឿងនោះ លោកស្នងការបញ្ជាក់ថា​ មានរថយន្តធំ​ចំនួន៤៨គ្រឿង,​ រថយន្តតូច​ចំនួន២៨គ្រឿង,​ ម៉ូតូ​​ចំនួន២៧គ្រឿង ដោយក្នុងនោះ មនុស្ស​ចំនួន១២៣នាក់ ស្រី៣៩នាក់ ថែមទាំងផាកពិន័យរថយន្តធំ១គ្រឿង សំពីងសំពោង៕