(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ​នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ​ជនពិការកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែលអាចរកប្រាក់ចំណូលដើម្បីធានានិរន្តភាព ជីវភាពរស់នៅប្រកបដោយឯករាជ្យម្ចាស់ការ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ​បន្ថែមថា រាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិរបស់ជនពិការ ផ្ទាល់និងក្រុមគ្រួសារ ដោយបានផ្តល់ផ្ទះសម្បែងសមរម្យ សម្លៀកបំពាក់ ការកែលម្អនូវជីវភាពរស់នៅ ប្រចាំថ្ងៃដោយគ្មានការរើសអើង និងឈរលើមូលដ្ឋានពិការភាព។

បើតាមសម្ដេច ទៀ បាញ់ ​រាជរដ្ឋាភិបាល​បានផ្ដល់ កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅឋាន និងធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវា ស្តារលទ្ធភាពពលកម្មនៅសហគមន៍។

សម្ដេចពិជ័យសេនា ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះសិស្សពិការគ្រប់ប្រភេទ សរុបចំនួន​ ២២,១៣៣នាក់ បាននឹងកំពុងរៀននៅគ្រប់កម្រិតសិក្សា ដោយ មិនមានការរើសអើង។ ក្រៅពីនេះសិស្សពិការភ្នែកនិងគ-ថ្លង់ ចំនួន១,៤៣៣នាក់ បាននឹងកំពុងសិក្សានៅ ថ្នាក់អប់រំពិសេស ថ្នាក់សមាហរណកម្ម ថ្នាក់អប់រំមូលដ្ឋាន ថ្នាក់អប់រំក្រៅប្រព័ន្ធនៃកម្មវិធីអភិវឌ្ឍ មនុស្សគ-ថ្លង់ អង្គការគ្រួសារថ្មី។ អក្សរស្ទាប និងភាសាសញ្ញាក៏ត្រូវបានធ្វើការអភិវឌ្ឍដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំ។ ​អគារសិក្សាចំនួន៨,២០០ បានរៀបចំឲ្យមានជំរាលសម្រាប់សិស្សពិការទាំងនៅទីជនបទ និងនៅទីក្រុង ដែលជាការបង្ក​លក្ខណៈងាយស្រួល ដល់សិស្សពិការទទួលបានការសិក្សាអប់រំ រហូតដល់​កម្រិតឧត្តមសិក្សា។

​យុវជនពិការ ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅចូលរួមប្រកួតប្រជែងជាសកល ជាមួយ​យុវជនពិការក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំងបាននាំមកនូវមេដាយ ដែលជាកិត្តិយសសម្រាប់ ប្រទេសជាតិ និងសង្គមទាំងមូលទៀតផង។

ជាក់ស្តែងចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកទល់ឆ្នាំ២០១៧​នេះ គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនជនពិការកម្ពុជាទៅចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ បានទទួលមេដៃ សរុបចំនួន​១៥៩​គ្រឿង ​ក្នុងនោះ​មានមេដៃមាសចំនួន២២គ្រឿង មេដៃប្រាក់៧៨គ្រឿង និងមេដៃសំរិទ្ធ​៥៩គ្រឿង។

ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ឆ្នាំ២០១៦ ​គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក​កម្ពុជា ក៏បានបញ្ជូនកុមារពិការសតិបញ្ញាកម្ពុជា ទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ បានទទួលមេដៃ​សរុបចំនួន ៤១​គ្រឿង ក្នុងនោះ​មានមេដៃមាសចំនួន៣គ្រឿង មេដៃប្រាក់៣៤គ្រឿង និងមេដៃសំរិទ្ធ៤គ្រឿង។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចពិជ័យសេនា ទៀ បាញ់៕