(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វង្ស ភក្តី មេធាវីរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ពាក់ព័ន្ធនឹងអំពើញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ «នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឲ្យកងកម្លាំងកុំឲ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត»

សូមជំរាបថា នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល​ សារឿន បានថ្លែងនៅក្នុងសន្នីសិទកាសែតថា មេធាវីកងយោធពលខេមរភូមិន្ទ បានរៀបចំឯកសាររួចរាល់ហើយ ដើម្បីឱ្យតុលាការកាត់ទោសលោក សម រង្ស៊ី ទៅតាមផ្លូវច្បាប់។ លោកថ្លែងថា កងយោធពលខេមរភូមិន្ទមិនចង់ទារសំណងនោះឡើយ ហើយចង់ឱ្យដាក់ទោស ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។

លោក ប៉ុល សារឿន បានអះអាងទៀតថា កងយោធពលខេមរភមិន្ទ មិនសុខចិត្តចំពោះការអំពាវនាវរបស់ លោក សម រង្ស៊ី ឡើយ។ លោកថ្លែងថា ការអំពាវនាវនេះ បានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញ្ញ ហើយកងទ័ពត្រូវតែតស៊ូតាមផ្លូវច្បាប់ ចំពោះករណីនេះ។

សូមបញ្ជាក់ថា ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន៕