(ភ្នំពេញ)៖ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ប្រកាសទទួលស្គាល់ជាបេក្ខជនអនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ហើយការបោះឆ្នោតជ្រើសតាំងលោក យូរ ហុកគ្រី នឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គខាងមុខ។ នេះបើតាមសេចក្តីប្រកាសលទ្ធផលរបស់រដ្ឋសភា ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកព្រលឹម ថ្ងៃនេះ។

សូមបញ្ជាក់ថា រដ្ឋសភា នឹងចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធខ្លួនឡើងវិញ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ ក្រោយមានតំណាងរាស្រ្តគ្រប់គ្រាន់ ក្នុងនោះក៏មានរៀបចំសមាជិក និងក្បាលម៉ាស៊ីន គណៈកម្មការជំនាញទាំង១០ ដែលកំពុងខ្វះចន្លោះផងដែរ។

ការរៀបចំរចនាសម្ព័ន្ធនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា ទើបនឹងបញ្ចូលសមាជិកថ្មីចំនួន៥៥រូបថែមទៀត ដើម្បីកាន់អាសនៈទំនេរ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ឃុបឃិតជាមួយប្រទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

នៅពេលនេះ រដ្ឋសភា មានសមាជិក១២៣រូប ក្នុងនោះមាន៧៩រូប មកពីគណបក្សប្រជាជនកម្ពុជា ៤១រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២រូបមកពីគណបក្សសញ្ជាតិកម្ពុជា និង១រូបមកពីគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។

សម្រាប់តំណែងក្នុងរចនាសម្ព័ន្ធដែលនៅទំនេរទាំងមុន និងក្រោយរំលាយគណបក្សសង្រ្គោះជាតិនោះ រួមមាន តំណែងអនុប្រធានទី១នៃរដ្ឋសភា រួមទាំងតំណែងប្រធាន និង អនុប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា សរុបចំនួន១០ទៀតផងដែរ៕