(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋសភាបានចាប់ផ្តើមបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីប្រកាសសុពលភាពរបស់តំណាងរាស្រ្តថ្មី ១៦រូប រួមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ អនុប្រធាន-សមាជិកថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ដែលជំនួសអ្នកដែលបានលាលែងផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានកូរ៉ុមចូលរួមចំនួន១០២រូប មកពីគណបក្សចំនួន៤។

តំណាងរាស្រ្តថ្មី១៦រូប ដែលត្រូវប្រកាសសុពលភាពនេះរួមមាន ១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយគ.ជ.ប, ៤រូប មកពី CPP ដែលជំនួសសមាជិកសភា៤រូបរបស់ CPP ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានរបស់គ.ជ.ប។

ដោយឡែក បេក្ខជនអនុប្រធាន-សមាជិក គ.ជ.បថ្មី៣រូប ដែលត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី០៧ ខែធ្នូនោះ រួមមាន ១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២៖ លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងទី៣៖ លោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម៕