(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការណ៍យ៉ាងតឹងរឹង និងធ្ងន់ធ្ងរជាទីបំផុត ចំពោះទណ្ឌិត សម រង្ស៊ី ដែលហ៊ានអំពាវនាវឱ្យកងទ័ពប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលជាទង្វើក្បត់ជាតិ។

គណបក្សសញ្ជាតិកម្ពុជា បានប្រកាសបានយ៉ាងដូច្នេះថា៖ «គណបក្សសញ្ជាតិកម្ពុជា មិនអាចទទួលយកបានទេ និងប្រឆាំងដាច់ខាតចំពោះទង្វើក្បត់ជាតិ របស់ទណ្ឌិតរូបនេះ។ គណបក្សសញ្ជាតិកម្ពុជាបន្តការចូលរួម និងគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការណ៍យ៉ាងតឹងរឹង និងធ្ងន់ធ្ងរជាទីបំផុតចំពោះទណ្ឌិត សម រង្សី នេះ»

ការប្រកាសរបស់ គណបក្សសញ្ជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យកងទ័ពបង្វែកាណុងកាំភ្លើងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រ សម្តេចតេជោ ហ៊ុន សែន។

គណបក្សសញ្ជាតិកម្ពុជា ក៏បានធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្សី ដែលកំពុងតែបំភ្លៃការពិតនៃការកាត់សេចក្តីរំលាយ គណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ ផងដែរ។

គណបក្សនេះ បានបញ្ជាក់ថា «តាមពិតការកាត់សេចក្តីរំលាយគណបក្សសង្គ្រោះនេះ គឺទិដ្ឋភាពច្បាប់ និងការពង្រឹងនីតរដ្ឋសុទ្ធសាធ។ តែម្តងហើយម្តងទៀតទណ្ឌិត ដែលមានសន្តានក្បត់ជាតិតពីឪពុកដល់កូន រូបនេះតែងតែយកលេស បំពុលដល់សហគមន៍ជាតិ អន្តរជាតិ និងបានអំពាវនាវដល់អន្តរជាតិ ឱ្យឈប់ផ្តល់ជំនួយដល់កម្ពុជា និងឈប់ទិញទំនិញទាំងឡាយដែលផលិតនៅកម្ពុជា ជាពិសេសទណ្ឌិតរូបនេះ កំពុងតែអុចអាល នៅក្នុងជួរកងកំលាំង ប្រដាប់អាវុធឲ្យងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាល ក្នុងគោលបំណងបើកដៃ អោយបរទេសជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងជាតិ រំលោភអធិបតេយ្យជាតិ បង្ក អស្ថិរភាពនយោបាយ អសន្តិសុខ និង បន្ទុចបង្អាក់ការអភិវឌ្ឍន៍នៅកម្ពុជា»