(ស្ទឹងត្រែង)៖ បន្ទាប់ពីរៀបចំពិធីបិទទ្វារទឹក ទំបន់វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាព៤០០មេហ្គាវ៉ាត់ដោយជោគជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួចមកនោះ, នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និង លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះទៅពិនិត្យការដាក់ឲ្យដំណើរការ សាកល្បងម៉ាស៊ីនទី១ នៃវារីអគ្គិសនីទន្លេសេសានក្រោម២ ដោយអាចបញ្ជូនថាមពលបាន៥០មេហ្កាវ៉ាត់ ទៅក្នុងបណ្តាញជាតិ ។

មន្ត្រីអគ្គិសនីកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីដាក់ដំណើរការសាកល្បងម៉ាស៊ីនទី១នេះ នៅពេលខាងមុខជាបន្តបន្ទាប់ ម៉ាស៊ីន៧គ្រឿងទៀត នឹងដាក់ដំណើការទាំងស្រុងគម្រប់៤០០មេហ្កាវ៉ាត់។

អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា «ជាមួយនឹងជោគជ័យនៃម៉ាស៊ីនទី១នេះ ក្នុងរយៈពេលប្រមាណមួយខែខាងមុខ អគ្គិសនីកម្ពុជានឹងបញ្ជូនភ្លើងប្រមាណ១០មេហ្កាវ៉ាត់ ទៅជួយខេត្តរតនគិរី និងមណ្ឌលគិរីដែលកំពុងខ្វះ។ គម្រោងវារីអគ្គិសនីនេះ ជាចំណែកមួយនៃយុទ្ធសាស្ត្រពង្រីកការផ្គត់ផ្គង់ និងការបន្តចុះថ្លៃអគ្គិសនីរបស់សម្តេចតេជោ ហ៊ុន សែន»

សូមជម្រាបថា ពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ដែលរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពី​សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូត ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះក៏មានផ្នែកឯកជនផងដែរ។

​គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ ​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និង ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ។

ថ្លែងក្នុងឱកាស បិទទ្វារទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ ដែលមានអានុភាព៤០០មេហ្គាវ៉ាត់នេះ ត្រូវបាននាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកថា វាជាជោគជ័យថ្មីធំមួយទៀត​សម្រាប់ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ព្រោះថាវានឹងផ្ដល់ថាមពលអគ្គិសនីកាន់តែច្រើន សម្រាប់ការផ្គត់ផ្គង់ទូទាំងប្រទេស ហើយក៏ធ្វើឲ្យកាត់ផ្ដាច់នូវការដុតចន្លុះ ដុតក្លាញ់ត្រី​ ដុតចង្កៀងប្រេងកាត់ នៅតំបន់ភូមិភាគឦសាននោះ បានរសាត់ឆ្ងាយពីកម្ពុជា៕