(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្នុងនាមមហាមេគ្រួសារ ឈរជាជំហរគ្រប់ពេលវេលា សម្រាប់ជួយសម្រួល និងដោះស្រាយនូវរាល់ទុក្ខកង្វល់ បញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋ ដែលមកពឹងពាក់មិនឱ្យខកខានឡើយ ក្នុងគោលបំណងរួមសុខ រួមទុក្ខឲ្យដូចជាគ្រួសារតែមួយ ហើយពេលប្រជាពលរដ្ឋមានបញ្ហាញបន្ទាន់អាចទូរស័ព្ទ ទៅលោកដោយផ្ទាល់។

ការបញ្ជាក់ជាថ្មីជូនប្រជាលរដ្ឋនេះ ធ្វើឡើងក្នុងឱកាសដែលលោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកជូនស្បៀង ជូនដល់លោកតា លោកយាយ ជាជនចាស់ជរា និងប្រជាពលរដ្ឋជាង២០០នាក់ មកពីបណ្តាស្រុកក្រុងមួយចំនួន ក្នុងខេត្តពោធិ៍សាត់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម។

លោក ម៉ៅ ធនិន បានលើកឡើងថា បានជាធ្វើមហាមេគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចមេគ្រួសារម៉ូតូឌុប មេគ្រួសាររត់តាក់ស៊ី មេគ្រួសារអតីតយុទ្ធ គ្រូបង្រៀន ប្រជាការពារ ត្រូវតែខិតខំបំពេញតួនាទី ភារកិច្ចជូនដល់បងប្អូន ដែលមកពឹងពាក់ឱ្យជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមនានា ជាពិសេសបញ្ហាទំនាស់ដីធ្លី អំពើហឹង្សាក្នុងគ្រួសារជាដើម ដើម្បីបញ្ចប់រឿង។

លោកបានឱ្យដឹងថា ចាប់តាំងមកកាន់រដ្ឋបាលខេត្តពោធិ៍សាត់ រូបលោក រួមជាមួយមន្ត្រីសាលាដំបូង អាជ្ញាធរដែនដី និងមន្ត្រីជំនាញ តែងតែរួមសហការគ្នា ធ្វើការដោះស្រាយទំនាស់ ទទួលបានជោគជ័យជាច្រើនរឿង ភាគច្រើនទំនាស់ដីធ្លី និងអំពើហឹង្សាក្នុងគ្រួសារ។ ទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានសំណុំឯកសារថ្មីៗជាច្រើនទៀត ត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ មិនទុកចោលនោះឡើយ។ គឺសុំតែម្យ៉ាង សូមឱ្យបងប្អូនប្រជាពលរដ្ឋយើង គោរពស្រឡាញ់លោក និងក្រុមគ្រួសារវិញគ្រប់គ្រាន់ណាស់ទៅហើយ គឺមិនចង់បានអ្វីក្រៅពីនោះឡើយ។ នៅក្នុងខេត្តដែលមានប្រជាពលរដ្ឋជាង៤៨ម៉ឺននាក់ ក្នុងនោះភាគច្រើនបានស្គាល់លេខទូរស័ព្ឌទាំង២ប្រព័ន្ធរបស់លោក ដែលជាមហាមេគ្រួសារតែមួយគត់ បើបងប្អូនមានបញ្ហាប្រឈមអ្វីមួយនៅក្នុងមូលដ្ឋាន សូមទំនាក់ទំនងជាបន្ទាន់នឹងចុះទៅដល់ទីកន្លែងនោះភ្លាមតែម្តង។

ក្នុងនាមមេមហាគ្រួសារ លោកក៏បានអំពាវនាវដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចេះមានការយោគយល់អព្យាស្រ័យ រួបរួមសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ស្ថិតក្រោមដំបូលសុខសន្តិភាព ស្ថេរភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ។ មួយវិញទៀតគប្បីបងប្អូនចូលរួមសហការក្នុងបង្កាបង្ក្រាបបទល្មើសគ្រប់ប្រភេទ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ប្រកបដោយបរិស្ថានល្អ ជាការរួមចំណែកមួយ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋយើង៕