(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងថា លោក សម រង្ស៊ី ញុះញង់ឱ្យមានសង្រ្គាមក្នុងប្រទេសបែបនេះ គឺមិនមែនជាទង្វើរបស់អ្នកនយោបាយស្នេហាជាតិនោះឡើយ។

លោក ពេជ្រ ស្រស់ បានថ្លែងចាត់ទុកថា អ្នកនយោបាយស្នេហាជាតិពិតប្រាកដ មិនមែនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយបង្ករអសន្តិសុខ អស្ថិរភាពនយោបាយ នៅក្នុងប្រទេសជាតិរបស់ខ្លួនឯងនោះឡើយ។

សូមបញ្ជាក់ថា ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែកាណុង មកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាទង្វើក្បត់ជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក៏បានហៅ លោក សម រង្ស៊ី ថាជាជនក្បត់ជាតិសួរពូជ៕