(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការពន្លឿន និងការអភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) និង ចូលរួមជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្ដរជាតិ។

ការលើកឡើងបែបនេះ របស់លោកធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ - ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់» ដោយមានការចូលរួម​ពីមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ដ្រីសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)ជាច្រើនរូបផងដែរ។

លោក សុខ ពុទ្ធិវុធ បានលើកឡើងពីសារៈសំខាន់នៃការសហការគ្នា រវាងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងរវាងបណ្តាប្រទេសនានា នៅក្នុងតំបន់ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅយុគសម័យឌីជីថល។ លោកថា ប្រទេសនីមួយៗស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍
រៀងៗខ្លួន ក្នុងនោះដែរប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពន្លឿនការអភិវឌ្ឍវិស័យ ICT និងការធ្វើការជាមួយគ្នាជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដូចITU ហើយយើងសង្ឃឹមថា នឹងមានការសហការគ្នានៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វិសាល​គមន៍ជាតិ។

លោកបានបន្ដទៀតថា សម្រាប់វេទិកាថ្នាក់តំបន់ស្តីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ - ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់» ក្នុងថ្ងៃនេះជាការបណ្ដុះបណ្ដាលមួយ ក្នុងការទាញការចូលរួមពីប្រទេស​ប្រមាណ២០​ឲ្យចូលរួម ដើម្បីពន្យល់ពីស្ថាប័ន ITU នេះដើម្បីឲ្យដឹងថាមានអ្វីខ្លះក្នុងរចនាសម្ព័ន្ធនេះ ក្នុងការជួយទៅដល់ប្រទេសនីមួយៗដែលជាសមាជិក ITU។

លោកបានបញ្ជាក់ទៀតថា «ក្នុងនោះដែរយើងបានពិភាក្សាពីប្រព័ន្ធ 5G ដែលជាប្រព័ន្ធបច្ចេកទេសថ្មីមួយដែលត្រូវការការប្រើប្រាស់ ប្រេកង់ ក្នុងការជជែកគ្នាក្នុងកិច្ចប្រជុំថ្ងៃនេះយើងក៏បានលើកយកប្រព័ន្ធ 5G នេះយកមកជជែកពិភាក្សាថា តើ​ប្រទេសខ្មែរឈានទៅមុខ​យើងនឹងរៀបចំប្រព័ន្ធ 5G នេះ​ដោយរបៀបម៉េច? ព្រោះថានេះជាបច្ចេកទេសថ្មី១ដែលពិភពលោកកំពុងរៀបចំ»

សូមបញ្ជាក់ថា វេទិកាថ្នាក់តំបន់នេះ មានសារៈសំខាន់ក្នុងការស្វែងយល់ពីការប្រឈមនានានិងការកាលានុវត្តភាពនៃដំណើរឆ្ពោះទៅបច្ចកវិទ្យា5G ការត្រៀមខ្លួនរបស់ប្រទេសនីមួយៗនៅក្នុងតំបន់ និងការប្រើប្រាស់នៃបច្ចេកទេសនេះប្រកបដោយ​ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

វេទិកាថ្នាក់តំបន់មានកិច្ចពិភាក្សា ដោយលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិន ដែលជាអ្នកជំនាញលើវិស័យនេះ ក្នុងនោះរួមមានប្រធានបទ ទាក់ទងនឹងមាគ៌ាបង្ហាញផ្លូវ ស្តីពីទូរគមនាគមន៍​ចល័តអន្តរជាតិ២០២០ និន្នាការនៃការគ្រប់គ្រង
វិសាលគមន៍ជាតិ តួនាទីនៃប្រព័ន្ធផ្កាយរណបក្នុងបច្ចេកទេស 5G បទពិសោធន៍នៃប្រទេសក្នុងតំបន់លើការផ្លាស់ប្តូរទៅប្រព័ន្ធឌីជីថល ផលប៉ះពាល់ទៅលើវិសាលគមន៍ នៃប្រព័ន្ធបណ្តាញបច្ចុប្បន្ន និងអនាគត៕