(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រជុំស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុង កាន់កាប់ប្រើប្រាស់នៅកម្ពុជា។

ការប្រជុំស្តីពីការងារអនុវត្តអនុត្រឹត្យលេខ១២៩អនក្រ.បកនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាលខណ្ឌទាំង១២ អាជ្ញាធរសង្កាត់ និងមន្រ្តីនគរបាលទូទាំងរាជធានីភ្នំពេញ សរុបប្រមាណ៥០០នាក់។

លោក ឃួង ស្រេង បានថ្លែងថា ជនអន្តោប្រវេសន៍ មិនមែនទើបតែមាននៅពេលនេះទេ ដោយមានតាំងសម័យបារាំងមកម្ល៉េះ ហើយបញ្ហានេះ យើងដកហូតបានឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណកម្មសិទ្ធិផ្សេងៗ ជាដើម បានចំនួន៧៣ពាន់នាក់ ក្នុងនោះសម្រាប់រាជធានីភ្នំពេញ មានចំនួន២១ពាន់នាក់ ដូច្នេះលើបញ្ហានេះ យើងត្រូវយកចិត្តទុកដាក់ដើម្បី ទប់ស្កាត់អោយបាន ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល។

លោកនាយឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា នៅឆ្នាំ២០០២ យើងស្រង់ឯកសារឃើញមានជនបរទេសមករស់នៅកម្ពុជាមាន២០សញ្ជាតិ និងមានចំនួន៧០០១២នាក់ ហើយចាប់ពី ឆ្នាំ២០០២ ដល់២០១៥ មាន២០ម៉ឺននាក់ ប្រមាណ១២សញ្ជាតិ តែច្រើនជាងគេ គឺបងប្អូនរៀតណាម។ បើរដ្ឋាភិបាលមិនទប់ស្កាត់ទេ មិនដឹងកើនប៉ុន្មានទេ។ លោកបន្តថា ជនអន្តោប្រវេសន៍ ចំនួន ៧៣០០០នាក់ដែលកាន់កាប់ឯកសារខ្មែរមិនប្រក្រតី៕