(ពោធិ៍សាត់)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យតាលោ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់ដូរក្នុងសាលា ជាង១ពាន់នាក់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចុះផ្សព្វផ្សាយ នូវចំណេះដឹង ជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះ មានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ដែលជាអ្នកប្រើប្រាស់ផងដែរ ពីព្រោះសុខភាពគឺជាកត្តាចំបង នៃការរស់រានមានជីវិត។

លោកប្រធានសាខាកាំកុងត្រូល បានបន្តថា ជាក់ស្តែងនាព្រឹកនេះ មន្រ្តីជំនាញយើងបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា និងបានអញ្ជើញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកលក់ដូរក្នុងសាលា ជាង១ពាន់នាក់ ចូលរួមស្តាប់ពាក់ព័ន្ធទៅនឹង «សុវត្ថិភាពម្ហូបអាហារ» ដើម្បីបានយល់ដឹងពីផលប៉ះពាល់សុខភាព។

លោកប្រធានសាខាកាំកុងត្រូលបានបន្ថែមថា តាមរយៈនៃការផ្សព្វផ្សាយអប់រំនេះ មន្រ្តីជំនាញយើងបានបង្ហាញពីផលប៉ះពាល់សុខភាពចំពោះអ្នកប្រើប្រាស់ និងបង្ហាញផ្ទាំងរូបភាពជាក់ស្តែង ឲ្យជួយផ្សព្វផ្សាយបន្តដល់អ្នកអ្នកលក់ទំនិញ ពាក់ព័ន្ធទៅនឹងចំណីអាហារគ្រប់ប្រភេទ កុំលួចលាក់នាំចូល ឬដាក់តាំងលក់ទំនិញខូចគុណភាព ដែលធ្វើឲ្យអ្នកទិញយកទៅបរិភោគហើយ មានការប៉ះពាល់សុខភាព។

នៅក្នុងថ្ងៃដដែលនេះ ក្រុមការងារជំនាញដឹកនាំដោយលោក តូច ចៅកុយ បានបន្តចុះទៅត្រួតពិនិត្យទំនិញនៅក្នុងផ្សារតាលោ និងនៅតាមដេប៉ូ ព្រមទាំងបានធ្វើតេស្តបឋមលើស្ករត្នោត អំបិល ជ្រក់ស្ពៃ ដែលដាក់តាំងលក់។ ជាលទ្ធផលគឺបានដកហូត ស្ពៃជ្រក់ តែក៏បានជូនថវិកាថ្លៃដើមជូនគាត់វិញ ដោយឡែកទំនិញខូចគុណភាព និងទំនិញហាមឃាត់ ចំរុះប្រមាណជា៣៤៩គីឡូក្រាម យកមករក្សាទុក ដើម្បីដុតកំទេចចោលនៅពេលក្រោយ៕