(ភ្នំពេញ)៖ ដោយអនុវត្តន៍នូវតួនាទីភារកិច្ច និងសេចក្តីណែនាំ ជាប្រចាំរបស់ប្រធានប្រតិភូរាជ​រដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ​ លើការការពារសុខុមាលភាព ​ប្រជាជននិងសុវត្ថិភាពម្ហូបអារហារ​ នាព្រឹកថ្ងៃទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៧នេះ​ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យ ទំនិញនៅផ្សារក្រាំងពង្រ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនៅផ្សារក្រាំងពង្រ​ មន្ត្រីកាំកុងត្រូល បានឲ្យដឹងថា​ ការធ្វើតេសបឋមទៅលើទំនិញ ដែលមានហាភ័យខ្ពស់ ដូចជា៖ សរសៃនំបញ្ចុក គុយទាវសរសៃតូច ចាហួយ ខ្មៅ ប្រហិតសាច់គោ មឹក បង្គារ ដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ ហើយបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ជូនទៅ មន្ទីរពិសោធិ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។ ​មន្ត្រីកាំកុងត្រូល ក៏បានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ឲ្យយល់ដឹងអំពី សុវត្ថិភាពចំណីអាហារ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល ក៏បាន​ណែនាំដល់ក្រុមអាជីវករ​ទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាម​លក្ខណៈ​បច្ចេកទេស​ ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ដែលមាន ផ្ទុកសារធាតុ​ពុល និងម្ហូបអាហារ​ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ​ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។​

មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយ បន្ថែមនូវសារធាតុគីមីហាត់ឃាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕