(ភ្នំពេញ)៖ លោក ពីង ហ្សីកាង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តលាវនីញ ប្រទេសចិន បានសន្យាជំរុញ អ្នកវិនិយោគទុនចិន មករកស៊ីនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។

ការលើកឡើងបែបនេះរបស់ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តលាវនីញ បានធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ។

អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ខេត្តលាវនីញ បានគូសបញ្ជាក់ជូនសម្តេច ហេង សំរិនថា «ខ្ញុំនឹងខិតខំជំរុញ អ្នកវិនិយោគទុនចិន នៅខេត្តលាវនីញ មករកស៊ីនៅកម្ពុជាឲ្យច្រើន ដើម្បីជាចំណងដៃនៃចំណងមិត្តភាពការទូតកម្ពុជា ដែលឈានដល់ខួបទី៦០ឆ្នាំ នៅឆ្នាំ២០១៨ខាងមុខនេះ»

ក្នុងជំនួបនោះ សម្តេច ហេង សំរិន បានថ្លែងថា រដ្ឋសភាកម្ពុជា ក៏ដូចប្រជាជនកម្ពុជា សូមគាំទ្រ និងអបអរសាទរ ចំពោះជោគជ័យជាបន្តបន្ទាប់ ដែលប្រទេសទាំងពីរសម្រេចបាន ដើម្បីនាំមកនូវវិបុលភាព សម្រាប់ប្រជាជាតិនៃប្រទេសទំាងពីរ ពិសេសបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។

នៅក្នុងជំនួបនេះ ភាគីទំាងពីរក៏បានលើកឡើងពីចំណងមិត្តភាពកម្ពុជាចិន ដែលមានតាំងពីយូរណាស់មកហើយ ជាពិសេសនៅក្នុងកាលៈទេសៈចុងក្រោយនេះ ចំណងមិត្តភាពកម្ពុជា ចិន បានឈានដល់ចំនុចកំពូលមួយ ដែលមិនធ្លាប់មានកន្លងមក។ ទំនាក់ទំនងការទូតកម្ពុជាចិន បានឈានដល់ខួបទី៦០ឆ្នាំ នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះ៕