(ហ្សាការតា)៖ នាយកមជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្រ្គោះបន្ទាន់​ ប្រចាំកោះ​បាលី នៃប្រទេសឥណ្ឌូណេស៊ី លោក អ៊ីកដេ ម៉េដ (Igde Made) បានបង្ហាញពីបំណង​ចង់សហការជាមួយ​រដ្ឋាភិបាលចិន ក្នុងកិច្ចការពារ និងប្រកាសអាសន្ន​ពីគ្រោះមហន្តរាយ​ បង្កឡើងដោយ​បន្ទុះភ្នំ​ភ្លើង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅប្រាប់ ស៊ីនហួរ លោក Igde Made បានបញ្ជាក់ដែរថា ប្រព័ន្ធប្រកាស​អាសន្ន សម្រាប់​តាមដានសកម្មភាព​ភ្នំភ្លើង Agung ពិតជាត្រូវការ​ធ្វើបច្ចុប្បន្នភាព​ឡើងវិញ ហើយលោក ថាឥណ្ឌូណេស៊ីស្វាគមន៍ចិន ចូលរួមក្នុងការកិច្ចការអភិវឌ្ឍ និងធ្វើបច្ចុប្បន្ន​ភាពប្រព័ន្ធប្រកាសអាសន្ន​ពីបន្ទុះភ្នំភ្លើង នៃមជ្ឈមណ្ឌលរបស់​លោក។ ប៉ុន្តែ លោក Made ក៏បានអះអាង​ដែរថា ការប្រមូល​ទិន្នន័យ ឬព័ត៌មាន​ដោយដៃពីឧបករណ៍​តាមដានបច្ចុប្បន្ន ដែលតម្លើងនៅក្បែរភ្នំភ្លើង គឺជារឿងមួយប្រកប​ដោយ​គ្រោះថ្នាក់។

គួរបញ្ជាក់ថា បើតាមមន្ត្រីឥណ្ឌូណេស៊ី គិតចាប់តាំងពី​ប្រព័ន្ធប្រកាស​អាសន្ន ត្រូវបានតម្លើង​កាលពីចុង​ខែកញ្ញាមក អាជ្ញាធរកោះបាលី​បានជម្លៀស​ប្រជាជន ៦០,០០០នាក់ ចេញពី​តំបន់ភ្នំភ្លើងផ្ទុះ ក៏ដូចជាសាងសង់​តង់ស្នាក់នៅ​បណ្ដោះ​អាសន្ន​ចំនួន ២១៤ នៅតាមតំបន់​ចំនួន១០៕