(ភ្នំពេញ)៖ ក្នុងវគ្គអប់រំផ្សព្វផ្សាយមួយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារ អ្នកប្រើប្រាស់» នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី-ភ្នំពេញ បានធ្វើការអង្វរដោយទទូច ដល់ក្រុមអាជីវករ ដែលជាអ្នកចែកចាយ អ្នកផលិត អ្នកនាំចូល ម្ហូបអាហារទាំងអស់ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ មេត្តា ចូលរួមចំណែក ជាមួយសមត្ថកិច្ច ក្នុងការការពារសុខភាពសារធារណៈ ដែលក្នុងនោះ មានកូនយើង ក្មួយយើង ចៅយើង ទាំងអស់គ្នា អោយគេចផុត ពីការចម្លងជម្ងឺដែលបង្កឡើង ដោយ ម្ហូបអាហារពុំមានសុវត្ថិភាព។

បន្ថែមលើនេះលោក ពេញ ធារម្យ ក៏បានស្នើសុំអោយអ្នករកទទួលទាន បានកំរៃពីម្ហូបអាហារ ទាំងអស់ មេត្តាកុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ទាំងផ្នែក រដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសម្ហូបអាហារផងដែរ។

លោក ពេញ ធារម្យ ក៏បានពញ្ញាក់ដល់សិក្ខាកាមទាំងអស់ក្នុងវគ្គផ្សព្វផ្សាយផងដែរថា យើងគ្រប់ៗគ្នាសុទ្ធតែបានទទួលពត៌មាននិងតួលេខស្លាប់និងរងរបួស នៃឧប្បតិហេតុនៃការ ធ្លាក់យន្តហោះ នៃគ្រោះថ្នាក់រញ្ជួយផែនដី នៃគ្រោះថ្នាក់គ្រោះទឹកជំនន់ ដែលធ្វើអោយ បាត់បង់ជីវិតមនុស្សនិងរបួសរាប់រយនាក់ និងឈានដល់រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែតើមានប្រជាជនយើង ប៉ុន្មាននាក់បានដឹងឬនៅថា យោងតាមតួលេខរបស់អង្គការថ្មីៗនេះ ជារៀងរាល់ឆ្នាំ មានមនុស្សរហូតដល់ ២៣០.០០០ នាក់ ដែលក្នុងនោះមានក្មេងក្រោមអាយុ ៥ ឆ្នាំ ៩៦.០០០ នាក់ ស្លាប់ ហើយមនុស្ស ៥៥០.០០០.០០០ នាក់ ដែលក្នុងនោះមានក្មេងអាយុក្រោម៥ឆ្នាំ ចំនួន ២២០.០០០.០០០ នាក់ មានជំងឺរាតត្បាត ដោយសារម្ហូប អាហារពុំមានសុវត្ថិភាព ? នេះ ជាទិន្ន័យដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលអាចវាស់ពីសារៈសំខាន់ប្រកបដោយសក្តានុពល របស់វគ្គអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពម្ហូបអាហារ និង កិច្ចការការពារអ្នកប្រើប្រាស់ ក្នុងព្រឹកនេះ។

ប្រធានបទសំរាប់វគ្គផ្សព្វផ្សាយនេះ រួមមាន៖
- ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ អភិក្រមពីកសិដ្ឋានដល់តុបរិភោគ ក្រោមវិធានការគ្រប់គ្រង ជាក់លាក់ តាមតំណាក់កាលនិមួយៗនៃខ្សែចង្វាក់ផ្គត់ផ្គង់ម្ហូបអាហារ
- កត្តា និង ប្រភពចំលងនានា ចំពោះម្ហូបអាហារ រួមទាំងហានិភ័យ ដែលអាចកើតមាន ដល់អ្នកប្រើប្រាស់
- ច្បាប់ និតិវិធី និងវិធានការណ៍ដែលត្រូវអនុវត្ត ក្នុងការ ត្រួតពិនិត្យ ទប់ស្កាត់និងបង្រ្កាប ដើម្បីលើកកំពស់សុវត្ថិភាពម្ហូបអាហារ និងកាត់បន្ថយកត្តាចំលងក៏ដូចជាកត្តាគ្រោះថ្នាក់ អោយនៅទាបបំផុត។
- សារៈសំខាន់របស់សារធាតុអ៊ីយ៉ូត ក្នុងអំបិលអ៊ីយ៉ូត។

លោកប្រធានសាខា ក៏បានមានប្រសាសន៍ផងដែរថា ការទទួលបាននូវពុទ្ធប្រកបដោយវិទ្យាសាស្ត្រអំពីសុវត្ថិភាពម្ហូបអាហារ និងការយល់ច្បាស់អំពី កិច្ចធានាសុវត្ថិភាពម្ហូបអាហារ ជាភារកិច្ចរបស់យើងគ្រប់ៗគ្នា មិនចំពោះបុគ្គុលណាមួយ ឬភាគីណាមួយនោះឡើយ។ វេទិការថ្ងៃនេះ គឺជាសក្ខីភាពនៃការយល់ដឹងអំពីការរួមគ្នាអភិវឌ្ឍ សង្គមជាតិ តាមរយៈលើកកំពស់សុវត្ថិភាពម្ហូបអាហារ ដែលជាអទិភាពទិមួយក្នុងអទិភាពទាំង១២ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលយើង។

លោកប្រធានបានបន្តថា ការគាំទ្ររ និងកិច្ចសហការរវាង សាលាខណ្ឌទួលគោក រាជធានីភ្នំពេញ និង អគ្គនាយកដ្ឋានកាំកុងត្រូលនៅពេលនេះ មិនមែនជាចំណុចចាប់ផ្តើមទេ តែវានឹងមានជាបន្តបន្ទាប់តទៅទៀត នៅទីនេះ នៅកន្លែងផ្សេង និងនៅពេលវេលាផ្សេងទៀត។ លោកស្រី ព្រំ រដ្ឋា អភិបាលរងខណ្ឌទួលគោក ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីនេះដែរ បានមានប្រសាសន៍ថា សិក្ខាសិលាមួយនេះបានធ្វើឲអ្នកចូលរួម ដែលភាគច្រើនជាអាជីវករ លក់ដូរនៅទីផ្សារយល់ដឹងកាន់តែច្បាស់ពីការវេចខ្ចប់ ការទុកដាក់ម្ហូបអាហារ ជាពិសេស ការចេះបែងចែកនិងបញ្ឈប់នូវការប្រើប្រាស់ សារធាតុគីមីដែលបានហាមឃាត់ និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាចុងក្រោយ លោកស្រី ក៏បានសម្ដែងនូវភាពសប្បាយចិត្ត ដែលបានបារព្ធនូវកម្មវិធីអប់រំ ផ្សព្វផ្សាយនេះឡើង ហើយលោកស្រីក៏សង្ឃឹមថា នឹងមានសិក្ខាសិលាបែបនេះជាបន្តបន្ទាប់ ដើម្បីផ្ដល់បន្ថែមនូវចំណេះដឹងអំពី សុវត្តិភាពម្ហូបអាហារ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់លោកស្រី។

យោងទៅតាម មាត្រា ៦១, ៦២, ៦៣ និង ៦៤ នៃច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា អ្នកប្រព្រឹត្តបទល្មើសម្ហូបអាហារ ត្រូវទទួលពិន័យផ្នែក រដ្ឋប្បវេណី ជាទឹកប្រាក់ ចាប់ពី ៥ សែន ដល់ ១០ លានរៀល និងទោសទណ្ឌព្រហ្មទណ្ឌ ដោយត្រូវជាប់ពន្ធធនាគារពី មួយខែ ទៅមួយឆ្នាំ ហើយបើពុំរៀងចាលទេ នោះត្រូវទទួល ទោសទ្វេរដង៕