(ភ្នំពេញ)៖ ក្នុងឱកាស លោក ម៉ាវ៉ាន់ ជីឡានី ប្រធានក្រុមគាំទ្រ កម្រងប្រទេស របស់សហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងបាងកក (IFRC) បានចូលជួបសវនាការ និងសម្តែងការគួរសមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូនេះ លោកបានបន្ដពង្រឹង និងពង្រីក កិច្ចសហប្រតិបត្ដិការ ពិសេស ស្វែងរកដៃគូផ្សេងទៀត ដើម្បីធ្វើការជួយគាំទ្រ នូវគម្រោង របស់កាកបាទក្រហមកម្ពុជា រួមទាំងគម្រោងថ្មីៗផងដែរ។

លោក ម៉ាវ៉ាន់ ជីឡានី ក៏បានថ្លែងអំណរគុណ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបានអនុញ្ញាត ឲ្យចូលជួបសវនាការ និងសម្ដែងការគួរសម រួមទំាងបានធ្វើការផ្លាស់ប្ដូរ ទស្សនៈវិស័យ ចំនុចខ្លាំង ចំនុចខ្សោយរវាងគ្នា ដែលជាលទ្ធភាពឆ្លុះបញ្ចំង ពីតម្រូវការរបស់កាកបាទក្រហមកម្ពុជា ហើយលោកបានប្ដេជ្ញាចិត្ដ នៅតែបន្ដជួយកិច្ចគាំទ្រ សហប្រតិបត្ដិការ នៅពេលដែលកាកបាទក្រហមកម្ពុជា ត្រូវការ។ លើសពីនេះ លោកនឹងបន្ដជួយផ្សព្វផ្សាយ រាល់សកម្មភាពជាប្រចាំ និងសមិទ្ធិផល របស់កាកបាទក្រហមកម្ពុជា ដែលបានប្រតិបត្ដិយ៉ាងល្អកន្លងមកនេះ ឲ្យមនុស្សទូទាំងសកលលោក បានដឹង និងយល់កាន់តែច្បាស់ ពីសកម្មភាពសប្បុរសធម៌នេះ។

ទន្ទឹមនឹងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងផងដែរថា កាកបាទក្រហមកម្ពុជា ក៏មានការងារផ្សេងៗ ក្នុងការជួយដល់ការងារសង្គមកិច្ច មានការជួយផ្សព្វផ្សាយ ជាមួយ តួនាទី ជាឥស្សរៈជនឆ្នើម ទទួលបន្ទុកមេរោគអេដស៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាឥស្សរៈជនឆ្នើម ទទួលបន្ទុក ការគាំទ្រ មាតា និងទារក និងកម្មវិធីជាច្រើនទៀត ដែលកាកបាទក្រហមកម្ពុជា បានបន្ដជួយប្រជាជនទូទាំងប្រទេស ពិសេស​ ដោយកាកបាទក្រហមកម្ពុជា ជាស្ថាប័នមួយឯករាជ្យ ដូច្នេះអ្វីដែលកាកបាទក្រហម អាចធ្វើបាន គឺអាស្រ័យទៅលើលទ្ធភាព នៃការចូលរួម ពីសំណាក់សប្បុរសជន ហើយក្រោមកិច្ចសាមគ្គីភាព ប្រកបដោយភាពស័្មគ្រចិត្ដ របស់សប្បុរសជននានា បានបង្កឲ្យ កាកបាទក្រហមកម្ពុជា ទាំងនៅថ្នាក់កណ្ដាល និងសាខា អាចស្វែងរកថវិកាមួយចំនួន បន្ដការងារជួយសង្គមកាន់តែប្រសើរ ជាបន្ដបន្ទាប់។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ថ្លែងបន្ដថា ទោះបីជាកាកបាទក្រហមកម្ពុជា អាចមានលទ្ធភាពស្វែងរកថវិការបស់ខ្លួនមួយចំនួន តែកាកបាទក្រហមកម្ពុជា នៅតែមានតម្រូវការ ពិសេសទៅលើផ្នែកបច្ចេកទេស ក៏ដូចជាថវិកា របស់សហព័ន្ធផងដែរ ដើម្បីបន្ដជួយការងារមនុស្សធម៌ ជានិរន្ដ៍។

គួររម្លឹកថា ជានិច្ចកាលកាកបាទក្រហមកម្ពុជា បានជួយដល់ប្រជាជនងាយរងគ្រោះ ទៅដល់ទីតាំងតែម្ដង ភ្លាមៗទាន់ពេលវេលាគ្រប់ទីកន្លែង មានគ្រោះមហន្ដរាយនានា ភ្លើងឆេះផ្ទះ ក្នុងនោះ ក៏បានជួយជីកអណ្តូងជាច្រើនពាន់អណ្តូង សាងសង់ផ្ទះ ជាច្រើនខ្នង ផ្ដល់ស្បៀង និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ ពូជសាសន៍នោះឡើយ សកម្មភាពការងារដ៏ល្អនេះ បានកើតឡើងពីការជឿទុកចិត្ត និងការប្រើប្រាស់ថវិកា ប្រកបដោយប្រសិទ្ធភាព ពីសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានចូលរួម៕