(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានអះអាងថា វត្តមានរបស់សម្តេចនៅក្នុងប្រទេសកម្ពុជាពេលនេះ គឺជាវត្តមាននៃសន្តិភាព ហើយជាវត្តមានដែលទប់ស្កាត់នូវសង្រ្គាម និងក្រុមក្បត់ជាតិដែលប៉ុនប៉ងមកដណ្តើមអំណាចតាមផ្លូវងងឹត។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ជូនប្រជាជនកម្ពុជាទាំងឡាយ នៅពេលដែលមានវត្តមានរបស់ ហ៊ុន សែន នៅទីនេះ សូមកុំបារម្ភពីសង្រ្គាមកើតឡើងឱ្យសោះ។ ហ៊ុន សែន រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជន គឺជាអ្នកធានាតែមួយគត់នូវសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេស ព្រោះមនុស្សម្នាក់នេះ បានឈរនៅជាបង្គោលជាមួយថ្នាក់ដឹកនាំដទៃទៀត ក្នុងការវ៉ៃផ្តួលប៉ុលពត ទប់ស្កាត់នូវការវិលត្រឡប់របស់ប៉ុលពត ស្វែងរកសន្តិភាព និងទប់ស្កាត់សង្គ្រាមដែលគេបង្កមិនចេះចប់ មិនចេះហើយ ជាពិសេសទប់ស្កាត់បដវិត្តន៍ពណ៌ នៅឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ជាបន្តបន្ទាប់មក»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «ដូច្នេះហើយបានជា ការវ៉ៃប្រហារមកលើ ហ៊ុន សែន មិនមែនជារឿងចម្លែកទេ ព្រោះម្នាក់នេះ គឺជាឧបសគ្គ នៃដំណើរឆ្ពោះទៅដណ្តើមអំណាច តាមផ្លូវងងឹតរបស់ពួកគេ ដូច្នេះមានវត្តមានហ៊ុន សែន គឺមានវត្តមានសន្តិភាព នេះគឺជារឿងពិត មិនមែននរឿងក្លែងក្លាយ»

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស ក្រោយពីគណបក្សពួកគេត្រូវបានរំលាយ បានបន្តសកម្មភាពវាយប្រហារបង្កជាអសន្តិសុខក្នុងប្រទេស ហើយពួកគេ បានរិះរកគ្រប់វិធីទប់ស្កាត់នូវភាពរីកចម្រើននៅក្នុងប្រទេស។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នាថ្មីៗនេះ បានអំពាវនាវឱ្យ កងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអំពាវនាវបែបនេះ គឺជាទង្វើក្បត់ជាតិ ហើយញុះញង់ឱ្យមានសង្រ្គាម នៅក្នុងប្រទេសកម្ពុជាជាថ្មី ទោះបីជាគណបក្សសង្រ្គោះជាតិរបស់ក្រុមក្បត់ជាតិទាំងនោះ ត្រូវបានរំលាយតាមច្បាប់ ដោយតុលាការកំពូលយ៉ាងណាក្តី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ឥឡូវវាកាន់តែច្បាស់ហើយ អ្វីដែលយើងបានចាត់វិធានការកន្លងទៅ គឺដើម្បីបញ្ចៀសសង្រ្គាមនេះឯង ព្រោះមនុស្សអស់នេះ គឺជាអ្នកបង្កើតសង្រ្គាមតែម្តង។ យើងកាន់តែមានមូលហេតុសមស្រប ដើម្បីបញ្ជាក់ថា ចំណាត់ការតាមផ្លូវច្បាប់ ឈានទៅដល់ការរំលាយគណបក្សនយោបាយ និងកាត់ទោសជនក្បត់ជាតិ គឺជាចំណាត់ការត្រឹមត្រូវ ព្រោះអំពើក្បត់ជាតិនេះហើយ ដែលយើងតែងនិយាយថា បើពួកនេះនៅគឺវានឹងមានសង្រ្គាម»។

ព្រមជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងបន្តថា ក្រុមអ្នកប្រឆាំងទាំងនោះ មិនព្រមបោះបង់ចោល គំនិតក្បត់ជាតិរបស់គេទេ។ សម្តេចបានថ្លែងថា «ឆ្នាំ២០១១ គេធ្វើអញ្ចឹង ឥឡូវនេះម្សិលមិញ គេធ្វើអញ្ចឹងទៀត»។ សម្តេចបញ្ជាក់ទៀតថា បើសិនជា លោក សម រង្ស៊ី មានកងទ័ពមែននោះ សូមបញ្ចេញមកចុះ សម្តេចស្វាគមន៍នៅកម្ពុជា។

ទោះបីជាយ៉ាងនេះក្តី សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាពលរដ្ឋ កម្មករ និយោជិត កុំមានការព្រួយបារម្ភ ហើយត្រូវចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាជារៀងរហូតតទៅទៀត៕