(ភ្នំពេញ)៖ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញប្រតិកម្មខ្លាំងៗចំពោះការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាល។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានហៅការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ថា «ជាទង្វើក្បត់ជាតិតពីឪ ដល់កូន»

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ ១៥,៧៤២នាក់ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា ជាការមើលស្រាលស្ថានការណ៍នៅកម្ពុជា ជាពិសេសមិនយល់ពីបេះដូង កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះ «​មានការប្រកាសសង្គ្រាម​ពីជនក្បត់ជាតិ ដែលជាការក្បត់ជាតិតជំនាន់ ឪពុកក៏ក្បត់ជាតិ ដែលសម្ដេចព្រះបិតាជាតិរបស់យើង ព្រះអង្គទ្រាំមិនបាន ហើយទីចុងបំផុតជនក្បត់ជាតិនេះក៏ត្រូវស្លាប់តៃហោង ឥលូវមកដល់កូន ក៏ត្រូវបង្កើតឲ្យមានរឿងក្បត់ជាតិនេះតទៀត អំពាវនាវឲ្យកងទ័ពធ្វើការបះបោរ ប្រសិនបើមានការបះបោរថា អ្វីវានឹងកើតឡើង សូមផ្ដាំទៅជនក្បត់ជាតិឯងថា អ្នកឯងស្គាល់សភាពការណ៍កម្ពុជាតិចពេកហើយ»

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ប្រសិនបើកងទ័ពបះបោរច្បាស់ណាស់ សង្គ្រាមវា នឹងកើតឡើងជាក់ជាមិនខានឡើយ​ ​​តែសម្តេច​បានអះអាង ប្រាប់​ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ដរាបណាមានវត្តមានរបស់សម្តេច គឺគ្មានសង្គ្រាមកើតឡើងជាដាច់ខាត។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានរំដោះប្រទេសចេញពីភ្លើងសង្គ្រាម ក៏បានឲ្យដឹងផងដែរថា ការងារល្អ លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ មិនអាចកើតមានក្នុងផ្ទៃនៃសង្គ្រាមនោះទេ ពោលគឺសន្ដិភាព និងការអភិវឌ្ឍន៍វាកើតមានឡើងតែក្នុងផ្ទៃនៃសន្ដិភាព ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បង្ហាញជំនឿយ៉ាងជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ស្រលាញ់សន្ដិភាព និងការអភិវឌ្ឍខ្លាំងណាស់ មិនទៅជឿតាមការញុះញង់តាមជនអគិតមួយចំនួននោះឡើយ។

សូមជម្រាបថា បន្ទាប់ពីមានការអំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលពីសំណាក់លោក សម រង្ស៊ី ដែលកំពុងរត់សម្ងំនៅ ក្រៅប្រទេសគេចពីសំណាញ់ច្បាប់នេះ មេទ័ពកំពូលៗ និងកងទ័ពនៅកម្ពុជា បានចេញមកប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំង៕