(ភ្នំពេញ)៖ ការសម្ដែងសិល្បៈប្រពៃណី និងសហសម័យរួមគ្នា កម្ពុជា-ថៃ ពិតជាបង្ហាញនូវភាពអស្ចារ្យ ជាមួយនឹងការច្នៃប្រឌិតខ្ពស់ទាំងសម្លៀកបំពាក់ របាំ ពិសេសការររឹតចំណងមិត្ដភាព នៃប្រទេសទាំងពីរ កាន់តែប្រសើរឡើងមួយកម្រិតទៀត។

កម្មវិធីនេះ បានប្រារព្ធធ្វើឡើង នៅសាលមហាស្របចតុមុខ កាលពីយប់មិញនេះ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពី រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសទាំងពីរ គឺលោកស្រី ភឿង សកុណា និងលោក Vira Rojpojchanarat។

លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃកម្ពុជា បានថ្លែងថា «ការសម្ដែងសិល្បៈនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្ដិការ វប្បធម៌ និងជម្រុញការផ្សារភ្ជាប់ រវាងប្រជាជននៃកម្ពុជា និងថៃ ពិសេសការរឹតចំណងមិត្ដភាពរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។ ហើយការសម្ដែងសិល្បៈរួមគ្នានេះ ក្លាយជាការសម្ដែងដែលពោរពេញទៅដោយភាពច្នៃប្រឌិត ដ៏អស្ចារ្យ និងផ្ដល់គំនិតថ្មីៗបន្ថែមទៀត ជូនអ្នកទស្សនាគ្រប់វ័យ ដែលជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចសហប្រត្ដិការវប្បធម៌ ក៏ដូចជាពង្រឹងការផ្លាស់ប្ដូរ វប្បធម៌នៃប្រទេសទាំងពីរផងដែរ ។

លោកស្រីបន្ដថា ការសម្ដែងសិល្បៈរួមគ្នានេះ នាំមកនូវទស្សនិកជននូវ ចម្រៀង របាំប្រពៃណី និងសហសម័យ ដែលសម្ដែងដោយនិស្សិតមកពីវិទ្យាស្ថាន Bunditpatanasilpa នៃព្រះរាជាណាចក្រថៃ និងនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសមិទ្ធផលមួយនៃការសហការដ៏ជិតសិទ្ធិរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថាន Bunditpatanasilpa ។

សូមទស្សនារូបភាព នៃការសម្ដែងសិល្បៈរួមគ្នា កម្ពុជា-ថៃ៖