(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស ព្រមទាំងនាយទាហាន នាយទាហារង ពលទាហានទាំងអស់ ​នៃបញ្ជាការដ្ឋានកងទ័ពអាកាស នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការប្រតិកម្មនេះ កម្លាំងយោធាទូទាំងនៃបញ្ជាការដ្ឋានទ័ពអាកាស បានផ្តាំទៅលោក សម រង្ស៊ី ថា កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។

ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានចេញមកអុចអាលជាថ្មីម្តងឲ្យ កងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕​