(កំពង់ស្ពឺ)៖​ នៅក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ពង្រឹងកិច្ចសហការគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្ត​កំពង់ស្ពឺ សូម​បន្ត​សកម្ម​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ចុះត្រួត​ពិនិត្យ​ទំនិញ ម្ហូបអាហារ​ តាម​ហាង​ទំនិញ និងទីផ្សារ ក៏ដូចជាចុះ​ត្រួត​ពិនិត្យ​​នៅ​តាម​ស្ថានីយ៍ប្រេង​ឥន្ធនៈ ដើម្បី​ទប់​ស្កាត់​ទំនិញ​ខូច​គុណ​ភាព ការ​លួច​បន្លំ​បរិមាណឬគុណភាពប្រេង​ ​និងប្រតិបត្តិការធុរកិច្ចបែបទុច្ចរិត ដោយធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​សមភាព និង​អ្នកប្រើប្រាស់​ប្រកបដោយ​ការជឿ​ជាក់។

ទន្ទឹម​នឹងនេះ​ដែរ មន្ត្រី​កាំកុងត្រូល​ក៏ត្រូវ​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស និង​ប្រជាជន​ មុន​នឹងទិញទំនិញ ត្រូវ​ពិនិត្យ​មើល​ការ​បរិច្ឆេទ ការ​វិច​ខ្ចប់ អនាម័យ កំប៉ុងកំពិត ឬ​មានជ្រេះ ជាដើម ​ដែលអ្នក​លក់​កង្វះ​អនាម័យ។

រដ្ឋមន្ដ្រី ប៉ាន សូរស័ក្កិបានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការនាំទំនិញ និងកសិផលឆ្លងកាត់ព្រំដែន ក្រសួងបានធ្វើប្រតិភូកម្មលើការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ​និងប៉ៃលិន។ ប្រសិនបើកិច្ចការនេះ អាចដំណើរការដោយរលូន ក្រសួងនឹងពង្រីកការផ្តល់សេវា CO ជូនមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តផ្សេងៗថែមទៀត។

ជាមួយ​គ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីទាំង​អស់ ត្រូវ​ពង្រឹង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង និង ខិត​ខំពង្រឹងសមត្ថភាពភាសាចំនួនបី (ភាសាជំនាញ, ភាសាកុំព្យូទ័រ, ភាសាអង់គ្លេស) ដើម្បីជាទុនក្នុងការងារបំពេញការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន នៅក្នុងខេត្តកំពង់ស្ពឺ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី ក៏បានប្រគល់ថវិកាចំនួន ២លានរៀល និង​សម្ភារៈការិយាល័យមួយចំនួន ជូនថ្នាក់ដឹកនាំមន្ទីរមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងការចំណាយទៅតាមតម្រូវការជាក់ស្តែង៕