(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងពលតូចថ្មើរជើងលេខ៧០ នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការប្រតិកម្មនេះ កម្លាំងយោធាទូទាំងនៃកងពលតូចថ្មើរជើងលេខ៧០ បានផ្តាំទៅលោក សម រង្ស៊ី ថា កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។

ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាលជាថ្មីម្តងឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕