(តាកែវ)៖ ព្រឹកថ្ងៃអង្គារ ០២រោច ខែមិគសិរ ឆ្នាំរកា ព. ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ប្រជាជនទូទាំងស្រុកគិរីវង់ បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះវត្តមានឯកអគ្គរដ្ឋទូតចិនលោក ស្យុង ប៉ និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោក សុខ សូកាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល សម្ភារការិយាល័យជាជំនួយ របស់ស្ថានឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋប្រជាមានិតចិន នៅសាលាស្រុកគិរីវង់ និងដំណើរចុះពិនិត្យការដ្ឋានសាងសង់ អគារសិក្សា១ខ្នង២ជាន់១២បន្ទប់ និងម៉ាស៊ីនបូមទឹកដែលជាគំរោងជំនួយ របស់មិត្តចិននៅស្រុកគិរីវង់ ដោយមានការចូលរួមពីលោក ឡាយ វណ្ណៈ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ កាកបាទក្រហម យ៉ាងច្រើនកុះករ។

ក្នុងឱកាសពិធីប្រគល់ទទួលសម្ភារការិយាល័យ ដែលមានដូចជា កុំព្យូទ័រយួរដៃ ១៦៨គ្រឿង កុំព្យូទ័រលើតុ ២០គ្រឿង ដុំWiFi ២០គ្រឿង និងម៉ាស៊ីនស្កេន័រ ១៥គ្រឿងនេះ លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតប្រទេសចិន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់នូវរាល់សមិទ្ធផល និងការអភិវឌ្ឍនានារបស់ស្រុកគិរីវង់ ក៏ដូចជាការរីកចំរើនលូតលាស់ លើគ្រប់វិស័យរបស់កម្ពុជាទាំងមូលផងដែរ។

លោក ស្យុង ប៉ បានថ្លែងបន្តថា លោកមានក្តីនឹករលឹកដល់សម្តេចវិបុលបញ្ញា សុខ អាន នៅពេលដែលលោកបានមកដល់ ស្រុកកំណើតរបស់សម្តេចផ្ទាល់នាពេលនេះ និងថាសម្តេចវិបុលបញ្ញា គឺជាមិត្តចាស់របស់ប្រទេសចិនថែមទៀតផង។

បន្ទាប់មក លោកស្យុង ប៉ បានធ្វើការសង្កត់ធ្ងន់ថាប្រទេសចិន នឹងនៅជាមួយកម្ពុជាគ្រប់កាលៈទេសៈ ដើម្បីថែរក្សាស្ថេរភាពនយោបាយ សន្តិភាពនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យក្លាយជាប្រទេសរីកចំរើនខ្លាំងក្លាមួយក្នុងតំបន់។

ឆ្លើយតបទៅនឹងមតិសំណេះសំណាលរបស់លោក ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិន លោកសុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បានលើកឡើងថា តាមរយៈជំនួយជាសម្ភារការិយាល័យ អគារសិក្សា និងស្ថានីយបូមទឹក ព្រមទាំងវត្តមានរបស់លោក ស្យុង ប៉ នៅស្រុកគិរីវង់ គឺពិតជាឆ្លុះបញ្ជាំងឲ្យឃើញពីទំនាក់ទំនងយ៉ាងរឹងមាំ និងការស្រលាញ់រាប់អាន របស់មហាមិត្តចិនចំពោះប្រជាជនខេត្តតាកែវ និងស្រុកគិរីវង់។ ទំនាក់ទំនងកម្ពុជាចិនឈាន ដល់កម្រិតកំពូល ចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជិនពីង។

លោក សុខ សូកាន ក៏បានលើកអំពីសម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរៈជនគន្លឹះឆ្នើមមួយរូប ក្នុងការដែលបានចូលរួមដឹកនាំ ការងារគន្លឹះសំខាន់ៗរបស់ជាតិជាច្រើន ប្រកបដោយសុភវិនិច្ឆ័យ ជាពិសេសការងារជំរុញ រឹតចំណងមិត្តភាពកម្ពុជាចិន។

អ្នកតំណាងរាស្ត្រវ័យក្មេងមណ្ឌលតាកែវ បានសង្កត់ធ្ងន់ថា រាល់ទំនាក់ទំនងកម្ពុជាចិន គឺបង្ហាញយ៉ាងច្បាស់អំពីសារសន្តិភាព ក្នុងបំណងល្អ ជួយគ្នាទៅវិញទៅមក ដើម្បីការរីកចំរើន ការកសាងស្ពានទំនាក់ទំនងពាណិជ្ជកម្ម និងការកសាងកិច្ចសហប្រតិបត្តិការល្អ។ ឈរលើមូលដ្ឋាននេះ លោក សុខ សូកានបានបញ្ជាក់ថា ប្រទេសចិនពិតជាយល់សុខទុក្ខរបស់កម្ពុជា និងបានចូលរួមគាំទ្រដល់រាល់ការអភិវឌ្ឍរបស់កម្ពុជា ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។

បន្ទាប់ពីពិធីប្រគល់ទទួលសម្ភារការិយាល័យទាំងនេះ រួចមក គណៈអធិបតីក៏បានអញ្ជើញពិនិត្យអគារសិក្សា ដែលកំពុងជួយសាងសង់ ១ខ្នង ២ជាន់ ១២បន្ទប់ នៅវិទ្យាល័យ សុខ អាន ទន្លាប់ និងស្ថានីយ៍បូមទឹកមួយកន្លែងនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាគំរោងជំនួយរបស់មិត្តចិនផងដែរ៕