(ពោធិ៍សាត់)៖ ព្រះតេជគុណ កែវ រតនៈ កែវ កន ព្រះបាឡាត់គណខេត្ត ព្រះគ្រូចៅអធិការវត្តកែវវិជ័យ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រគល់អង្ករជាង៣តោន ដល់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីត្រៀមទុកជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រ ជាពិសេសអ្នកជំងឺដែលគ្មានលទ្ធភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ពិធីប្រគល់ទទួលអង្ករខាងលើនេះ បានធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយបានការនិមន្តចូលរួមពី ព្រះលេខាគណខេត្ត ព្រះអនុគណស្រុក ព្រះធម្មធរអនុគណស្រុក ព្រះសមុហ៍អនុគណស្រុក ចៅអធិការវត្តកញ្ជរខាងត្បូង វត្តកញ្ជរខាងជើង វត្តពោធិ៍សត្ថារាម វត្តសុវណ្ណស្លាកែត វត្តត្បែង និងវត្តស្តៅ ផងដែរ។

ព្រះតេជគុណ កែវ រតនៈ កែវ កន មានសង្ឃដិកាថា អង្ករចំនួន ៣តោន និង១៥០គីឡូក្រាមនេះ ត្រូវបានទិញពីទីផ្សារផ្ទាល់ រួចច្រកចូលក្នុងការុងតូចៗ ដោយក្នុង១ការុងមានទម្ងន់១០គីឡូក្រាម ដើម្បីងាយស្រួលក្នុងការយកទៅចែកជូន ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ។ ជាក់ស្តែងថ្ងៃនេះ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលសាលាខេត្ត ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយជនចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ជាពិសេសអ្នកជំងឺគ្មានលទ្ធភាព កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានឆ្លើយតប និងប្រគល់ជូនភ្លាមៗ។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះតេជគុណ កែវ រតនៈ កែវ កន ព្រះបាឡាត់គុណខេត្ត ព្រះគ្រូចៅអធិការវត្តកែវវិជ័យ ដែលមានព្រះទ័យគិតគូ និងយកចិត្តទុកដាក់ ដល់ការងារសង្គមគ្រប់ពេលវេលា។ ទង្វើនិងសកម្មភាពមនុស្សធម៌ របស់ព្រះអង្គនាពេលនេះ ក៏ដូចលើមុនៗ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយរដ្ឋបាលសាលាខេត្ត ជាសក្ខីភាពស្រាប់។

គួរបញ្ជាក់ថា ជាមួយនឹងការប្រគល់ទទួលអង្ករជាង ៣តោន ក៏មានភ្ជាប់នូវសម្ភារៈសម្រាប់ប្រើប្រាស់ ១២កញ្ចប់ធំ ទឹកត្រី៣០យួរ និងទឹកស៊ីអ៊ីវ២៥យួរ ព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ និងបន្តនិមន្តអញ្ជើញពិនិត្យមើលអគាររដ្ឋបាលថ្មី សាលាខេត្តពោធិ៍សាត់ផងដែរ៕