(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដែលទើបបញ្ចប់អាណត្តិការងារនៅកម្ពុជា លោក គីម វ៉ុនជីន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់នាំឲ្យមានទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ហើយទំនាក់ទំនងនេះកំពុងតែវិវឌ្ឍន៍យ៉ាងល្អប្រសើរនាពេលបច្ចុប្បន្ន។ បើតាមលោក គីម វ៉ុនជីន បើគ្មានសម្តេចតេជោ ហ៊ុន សែន ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ក៏ប្រហែលជាគ្មានវត្តមាននោះដែរ។

លោក គីម វ៉ុនជីន បានថ្លែងដូច្នេះនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ក្នុងពេលដែលរូបលោកត្រូវបានសម្តេចអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងពេលបញ្ចប់អាណត្តិការងារនៅកម្ពុជា។

ក្នុងពេលចូលជម្រាបលានៅល្ងាចថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោក គីម វ៉ុនជីន ជម្រាបសម្តេចតេជោថា បេសកកម្មការងារនៅកម្ពុជារយៈពេល៣ឆ្នាំកន្លងមកនេះ គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ លោក គីម វ៉ុនជីន បានថ្លែងថា ជាកិត្តិយសណាស់សម្រាប់រូប ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតបត្តិការរវាងប្រទេសទាំងពីរ។

លោក គីម វ៉ុនជីន បានលើកឡើងថា ឆ្នាំ២០១៧នេះ គឺជាខួប២០ឆ្នាំហើយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង​។ លោកឯកអគ្គរដ្ឋទូតបន្តថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង មិនអាចមានមកដល់ចំណុចនេះឡើយ បើគ្មានសម្តេចតេជោ ហ៊ុន សែន ទេនោះ។

លោក គីម វ៉ុនជីន វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្របសម្រួល និងសម្រេចចិត្តឲ្យមានទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង។

ក្នុងឱកាសនោះលោក គីម បានជម្រាបជូនសម្តេចតេជោ អំពីវឌ្ឍនភាពការងារពាក់ព័ន្ធផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ២១ និងការនាំផ្លែស្វាយចេញទៅសាធារណរដ្ឋកូរ៉េ។ លោក គីម បញ្ជាក់ថា ឆ្នាំក្រោយ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េហើយ ហើយកូរ៉េនឹងបន្តវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគក្នុងការធ្វើការកែច្នៃផលិតផលកសិកម្មផងដែរ។

ជាការឆ្លើយតបសម្តេចតេជោ បានក៏បានបង្ហាញក្តីរីករាយផងដែរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង។ សម្តេចតេជោថា ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាទំនាក់ទំនងដ៏ជោគជ័យមួយ ហើយទំនាក់ទំនងនេះ បានវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលអាចឆ្លុះបញ្ចាំងតាមរយៈការហោះហើរជាច្រើនជើង ពីកម្ពុជាទៅកូរ៉េ និងពីកូរ៉េមកកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងការងារ ទំនាក់ទំនងប្រជាជន និងប្រជាជន ហើយជាមួយនឹងជំនួយដែលកូរ៉េបានជួយដល់កម្ពុជា រហូតមកដល់ពេលនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅក្នុងឆ្នាំ១៩៩៦ ធ្វើឡើងដោយសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតី គឹម យ៉ុងសាន។ ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង បានរីកចម្រើនជាបន្តបន្ទាប់ ក្នុងរយៈពេល ២០ឆ្នាំមកនេះ៕