(ព្រះសីហនុ)៖ មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាឲ្យកម្លាំងអាវុធហត្ថ ឃាត់ខ្លូនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនជិត៥០កញ្ចប់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅចំណុច​​ក្រុមទី៤ ភូមិ៤​ ឃុំអូត្រេះ ​ស្រុកស្ទឹងហាវ។

​បើតាមមន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង ដោយកម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយលោក​អនុសេនីយ៍ឯក​ ថៃ​ គឹមសាន​ មេបញ្ជាការ បាន​ចុះឃាត់ខ្លួន​ជន​សង្ស័យម្នាក់ ឈ្មោះ​ ខាត់​ ចាន់​​​ អាយុ៣៨ឆ្នាំ មុខ​របរ​កម្មករ​សំណង់ ដោយដកហូតបាន ម្សៅសថ្លា៤​៩កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង និងលុយ សម្ភារៈពាក់ព័ន្ធមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ​ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

កាលពីម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានតាមស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យចំនួន៥នាក់ជាបន្ដបន្ទាប់ នៅក្នុងមូលដ្ឋានខេត្ត និងបន្ដចាប់បក្ខពួកនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា បន្ទាប់ពីចាប់ជនសង្ស័យបានម្នាក់នៅតំបន់ទំនប់រលក ខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថជំនាញរបស់លោក បាន​សហការជាមួយកម្លាំងអាវុធហត្ថខេត្ត​កំពង់ស្ពឺ ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក រស់ សារ៉ាំ ព្រះរាជអាជ្ញារង​អមសាលាដំបូង ខេត្តព្រះសីហនុ និងលោក កែវ សុធា ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិសំបួរ ឃុំកាហែង ស្រុកសំរោងទង ដោយឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ទៀត។

បើតាមលោកមេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ជនសង្ស័យដែលឃាត់បានខេត្តកំពង់ស្ពឺចំនួន៤នាក់ ទី១៖ ឈ្មោះ អ៊ិន វាសនា ​អាយុ១៩ឆ្នាំ​, ទី២៖ ឈ្មោះ សំ សីហា អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ម៉ៅ ស្រស់ អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ ឌុច ខុន ​អាយុ២៤ឆ្នាំ​។ ក្នុងនោះកម្លាំងជំនាញដកហូតបាន ​ម៉ូតូ១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ​ស៊េរី២០១៥ ពាក់ស្លាកលេខ​ភ្នំពេញ ​2-CW8346, ថ្នាំញៀនប្រភេទម៉ាទឹកកក២១កញ្ចប់, កាំបិត២,​ទូរស័ព្ទដៃ៧គ្រឿង​ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត៕