(ភ្នំពេញ)៖ រោងចក្រធំៗចំនួន៣ថ្មីទៀត រួមមានរោងចក្រផលិតចំណីសត្វ, រោងចក្រគ្រឿងបង្គុំរថយន្ត និងរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ ត្រូវបានអនុញ្ញាតឲ្យបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាមួយទុនវិនិយោគសរុបជាង៥០លានដុល្លារអាមេរិក។ នេះបើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

រោងចក្រទាំង៣ ដែលបានអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា និងត្រូវបានចុះបញ្ជីជាស្ថាពរក្នុងខែធ្នូនេះ រួមមាន៖

១៖ ក្រុមហ៊ុន ANT FEED CO.,LTD: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។

២៖ ក្រុមហ៊ុន DENSO (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២១.៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង។

៣៖ ក្រុមហ៊ុន MINEBEA (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២៤.៦៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣១៥កន្លែង៕