(ឧត្តរមានជ័យ)៖ ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជា ការទប់ស្កាត់ទំនិញមួយចំនួន ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលបងប្អូនអាជីវករមួយចំនួន តែងតែយកមកលក់នោះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយ និងអាជ្ញាធរ រួមនិងសមត្ថកិច្ចក្រុងសំរោង ចុះត្រួតពិនិត្យកន្លែងលក់ទំនិញផ្សេងៗ នៅក្នុងផ្សារសំរោង។

ក្នុងការត្រួតពិនិត្យមន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយលោក យ៉ាន់ ចាន់ផល់ និងលោក ពេជ្យ ភារម្យ សាខាកាំកុងត្រូលខេត្ត បានផ្តោតទៅលើគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមទាំងភេសជ្ជៈនានាមួយចំនួនទៀត ដែលបានដាក់តាំងលក់នៅក្នុងផ្សារសំរោងទាំងមូល ក្រោយពីមន្រ្តីកាំកុងត្រូលបានចុះត្រួតពិនិត្យ ហើយបានធ្វើតេស្តស្វែងរកសារធាតុគីមី លើម៉ឹក បង្គារ ខ្ញី និងសណ្តែកបណ្តុះ គឺពំមានសារធាតុគីមីហាមឃាត់ឡើយ។

ជាលទ្ធផលមន្ត្រីកាំកុងត្រូលរកឃើញទំនិញហួសគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ប្រភេទជានំកញ្ចប់ចំនួន៧៩កញ្ចប់ ខ្ទិះដូងកំប៉ុង១៩កំប៉ុង ទឹកត្រចៀកកាំ៣០ដប ពោតកំប៉ុង២៤កំប៉ុង ទឹកក្រូចឆ្មា៣២ដប ទឹកជ្រក់២៨កំប៉ុង ពោតកំប៉ុង១៣កំប៉ុង ទឹកដោះគោ០៩កំប៉ុង ទឹកផ្លែឈើ១៣កំប៉ុង និងទឹកម្ទេស៧ដប ផងដែរ ហើយបានធ្វើការដកហូតដើម្បីយកទៅកម្ទេចចោល។

ក្រៅពីនេះ មន្ដ្រីកាំកុងត្រូល បានអប់រំណែនាំឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង ហើយរាល់ទំនិញដែលទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់ ពិសេសកុំទិញទំនិញបាតឃ្លាំងដែលគេស្តុបទុកចោលរាប់ឆ្នាំយកមកលក់បន្ត។ មន្ត្រីកាំកុងត្រូល ក៏បានអំពាវនាវបន្តឲ្យប្រជាពលរដ្ឋ មុននឹងទិញទំនិញអ្វីមួយត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់៕