(ក្រចេះ)៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់២នាក់ ក្នុងហេតុការណ៍បាក់ដីជីកគ្រឹះប្លង់សេ ស្ថានីយ៍ប្រេងមួយកន្លែង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

នគរបាលស្រុកឆ្លូង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះឲ្យដឹងថា ករណីបាក់ដីជីកគ្រឹះចាក់ប្លង់សេធ្វើ ស្ថានីយ៍ប្រេង សង្កត់មនុស្សស្លាប់ម្នាក់ នៅកន្លែង និងរងរបួសចំនួន២នាក់។ ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ឡាំង ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូង។ រីឯជនរងគ្រោះទាំង២នាក់ទៀត មានទីលំនៅភូមិ ឃុំជាមួយអ្នកស្លាប់។

លោក ហេង ស៊ីថា​ អភិបាលស្រុកឆ្លូង បញ្ជាក់ឲ្យដឹងថា ដីធ្វើការ៉ាសសាំងនោះ មានបណ្ណ័កម្មសិទ្ធិត្រឹមត្រូវ និងមានច្បាប់សាងសង់ស្រប់ច្បាប់ ហើយម្ចាស់ការ៉ាសសាំង នោះបានចំណាយថវិកាជួយធ្វើបុណ្យ ទាំងស្រុង និងជួយព្យាបាលអ្នករងរបួសទៀតផង។ ចំណែកសំណងអ្នកស្លាប់នោះ នឹងរៀបចំការដោះស្រាយតាមក្រោយ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕